សេង ស្រឿន អ្នកប្រដាល់កម្ពុជា ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង វាយចាញ់អ្នកប្រដាល់ថៃចំណូលថ្មី Sen Sak ក្នុងការជួបប្រកួតគ្នាកាលពីព្រឹកថ្ងៃអាទិត្យទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើសង្វៀនBoostrong Fighter On Fire នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍។
សេង ស្រឿន ប្រកួតមួយទឹកពីរទឹកដំបូង គេវាយគ្រាន់បើដោយវាយប្រហារជើងក្រោមរបស់Sen Sak ឡើងចង់ខូចជំហរប្រកួត ប៉ុន្តែមិនអាចផ្តួលអ្នកប្រដាល់ថៃនេះអោយដួលឬបោះបង់ការប្រកួតដោយសារឈឺជើងនោះឡើយ ។
ចាព់ពីទឹកទី៣ទៅដល់ទឹកទី៥ សេង ស្រឿន បានវាយចាញ់ប្រៀបSen Sakពិសេសចាញ់ត្រង់Sen Sakចូលចាប់កាច់ផ្តួលឲ្យដួលលើរេញច្រើនដង និងចាញ់ជង្គង់អ្នកប្រដាល់ថៃរូបនោះទៀតផង ។ ចប់ការប្រកួតសេង ស្រឿន ចាញ់Sen Sakដោយពិន្ទុ ។
Sen Sak គេមិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេកន្លងមក ដោយគេទើបមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងប៉ុណ្ណោះ។ អ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំងម្នាក់នៅប្រទេសថៃ ហើយអ្នកប្រដាល់ថៃម្នាក់នេះ រឹងមាំ និងវាយខ្លាំង ។ Sen Sak គេមានប្រវត្តិប្រកួត៥៩លើក ដោយវាយឈ្នះ៥២លើក ចាញ់០៧លើក មិនដែលស្មើ ខណះដែលសេង ស្រឿន មានកំនត់ត្រាប្រកួត៧៩លើក ឈ្នះ៦៣លើក ចាញ់១៥លើក និង ស្មើ០១លើក ។
អេ រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា បានផ្តួលយកឈ្នះសេកគឹមសាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាបក្នុងទឹកទី៣ ។ គឹមសាន្ត ដែលជាអ្នកប្រដាល់ស្រករក្រោយ នោះ ត្រូវអេ រដ្ឋា ដែលគេស្គាល់ថាជា ម៉ន រដ្ឋាពីមុននោះ ចាប់អុកនឹងជង្គង់រហូតសន្លប់ក្នុងទឹកទី៣ ។
កេត ចាន់ឌី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ក៏ផ្តួលសយ សី អ្នកប្រដាល់ក្លិបពន្លឺវិបុលដារិទ្ធពោធិសែនជ័យ ក្នុងទឹកទី៣ដែរ ។ សយ សី ត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងឲ្យប្រកួត បន្ទាប់ពីរាប់៨ពីរដងក្នុងទឹកទី១ម្តង និងទឹកទី៣ម្តង ហើយដួលលើកចុងក្រោយនោះ អាជ្ញាកណ្តាលក៏បញ្ឈប់លែងឲ្យប្រកួតតែម្តង ដោយសារគេមិនអាចតស៊ូជាមួយកេត ចាន់ឌីបានទៀតនោះ ៕
មាជ សុខរ៉ា និងពុទ្ធឆាយរិទ្ធីចាញ់ក្នុងជម្រុះលើកដំបូងខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម
អ្នកប្រដាល់កម្ពុជា២រូប គឺមាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យនិងអ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរី វង្សកីឡា បានវាយចាញ់ពិន្ទុអ្នកប្រដាល់ថៃដូចគ្នា នៅក្នុងការជួបប្រកួតក្នុងជុំជម្រុះលើកដំបូង នៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម លើសង្វៀនSEA-TV កាលពីល្ងាចថ្ងៃទី២៣កញ្ញា២០១៨។
មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃKev Kong van ដោយក្នុងចំនៅនចៅក្រមទាំង៥រូប មានចៅក្រមតែ១រូបប៉ុណ្ណោះដែលអោយគេឈ្នះថៃ ឯ៤រូបទៀតគឺឲ្យថៃឈ្នះទាំងអស់ ដូច្នេះសុខរ៉ា ចាញ់ Kongvan ១ទល់៤។
ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា គេវាយចាញ់ពិន្ទុអ្នកប្រដាល់ថៃKeng Kat ដោយប្រផុតប្រផើយ គឺ២ទល់៣ ដោយក្នុងចំណោមចៅក្រម៥រូប មាន២រូបអោយគេឈ្នះ ហើយ៣រូបទៀតអោយថៃឈ្នះ ។
នេះជាការប្រកួតជម្រុះលើកទី១ របស់ពួកគេទាំង៤ ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Wurkz រដូវកាលទី២ទម្ងន់៦៧គីឡូក្រាម ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ។ការប្រកួត គឺពុំមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ។ ដូច្នេះហើយ ទើបទាំងប្រដាល់ខ្មែរ ទាំងអ្នកប្រដាល់ថៃ គឺត្រូវការឈ្នះដូចគ្នា ត្បិតគេជ្រើសរើសយកតែអ្នកលេខ១និងលេខ១ក្នុងជុំ នៃពូលខ្មែរនិងពូលថៃ តែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments