សៀមរាប ៖ រថយន្តដឹកឈើល្មើសច្បាប់ចេញពីស្រុកស្វាយលើមួយគ្រឿង ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ចាប់ ខណៈមានការអះអាងថា មេព្រៃជាប់រវល់ដេកបើកភ្លើងខៀវឲ្យមានបទល្មើស។
ការចាប់រថយន្តនេះ ធ្វើឡើងនៅវេលាម៉ោង០៧និង៤០នាទី ថ្ងៃទី២១ខែកញ្ញាឆ្នាំ ២០១៨ ត្រង់ចំណុចខាងជើងផ្សារដំដែក នៃស្រុកសូទ្រនិគម។
នគរបាលជំនាញបានដឹងថា ការបង្ក្រាបរថយន្តល្មើសខាងលើ គឺក្រោយទទួលសេចក្តីរាយការណ៍ ពីក្រុមអ្នកសារព័ត៌មាន។ រថយន្តនេះម៉ាកសាំយ៉ុង មានស្លាកលេខភ្នំពេញ2Z-2061ដឹកបទល្មើសព្រៃឈើចេញពីស្រុកស្វាយលើ និង ត្រូវឆ្លងកាត់ស្រុកសូទ្រនិគមឆ្ពោះទៅក្រុងសៀមរាប។
លោកបន្តថា ក្នុងការបង្ក្រាបនេះ គឺបានឃាត់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ មឿន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្នាល់បំបែក ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ។
មន្ត្រីដដែលបន្តទៀតថា បន្ទាប់ពីអូសរថយន្តទៅកាន់អធិការដ្ឋានស្រុក គឺបានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់សូទ្រនិគម ចូលរួមត្រួតពិនិត្យនិងធ្វើការវាស់វែងរកឃើញរថយន្ដខាងលើ ផ្ទុកដោយឈើប្រភេទលេខ១ គគី និងផ្ចឹក គ្មានច្បាប់ចំនួន ៤៦ដុំ ស្មើ០.៩០ម៉ែត្រគូប(០៩ផ្លាន)។ ទាំងមធ្យោបាយដឹកបទល្មើស និងវត្ថុតាងឈើល្មើសនិងអ្នក បើកបររថយន្តខាងលើ ប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅសង្កាត់ព្រៃឈើសូទ្រនិគម និងចាត់ការតាមច្បាប់នៃព្រៃឈើ។
ជាមួយការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ខាងលើនេះ ក៏ធ្លាយព័ត៌មានថា រថយន្តខាងលើមុនពេលដឹកឈើចូលមកកាន់ក្រុងសៀមរាប គឺម្ចាស់បានចរចាផ្លូវជាមួយសមត្ថកិច្ចរួចអស់ ហើយ។ ពិសេសប្រធានសង្កាត់មេព្រៃស្រុកស្វាយលើតែម្តង។ មិនចឹងទេស្មានថាសុខៗ ហ៊ានដឹកឈើគ្មានច្បាប់ទាំងព្រឹកចឹងអី.!។ តែមិនដឹងថា មកតាមផ្លូវបានរលូនហើយ មកជួបប៉ូលិសស្រុកចឹងសោះ។ ពិតជាចង្រៃណាស់!។ មេព្រៃជាច្រើនកន្លែងដេកធ្វើមិនឃើញ បែរជាប៉ូលិសចេញមកចាប់ទៅវិញ។
ប្រភពបន្តថា ក្រោយពេលបោះឆ្នោតនេះ ការដឹកជញ្ជូនឈើល្មើសច្បាប់ ចេញពីភូមិសាស្ត្រស្រុកស្វាយលើ ទៅកាន់ក្រុងសៀមរាប ពីមួយថ្ងៃទៅមួយថ្ងៃ មិនក្រោម៥០ទៅ៦០ឡាននោះឡើយ។
យោងតាមព័ត៌មានខាងលើ គឺបង្ហាញថា ដងផ្លូវមួយខ្សែ នៃស្រុកស្វាយលើ គឺពោរពេញ ដោយការចរាចរ ដឹកជញ្ជូនបទល្មើសព្រៃឈើ។ ចឹងទេមេព្រៃក្នុងភូមិសាស្ត្រនោះ អាចអង្គុយកើបលុយក៏ថាបាន ព្រោះអត់ដែលបង្ក្រាបសោះ។ នេះមិនខុសពាក្យមួយនិយាយថា សុខចិត្តអាស្រូវឈ្មោះ សំខាន់រកប្រយោជន៍ជូនមេតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments