ភ្នំពេញ ៖ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ឋាប្រម៉ាញ់និងនេសាទបានស្នើឲ្យ លោកបណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារនិងកសិកម្ម FAO សហការជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃក្រសួង ព្យាយាមឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូឡើងវិញប្រកបដោយចីរភាព។
ការស្នើសុំរបស់ លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើឡើងក្នុងជំនួបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ដែលពាក់ព័ន្ធនឹងប្រទេសចំនួនបីគឺ ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងប្រទេសមីយ៉ាន់ម៉ាលើវិស័យកៅស៊ូ នារសៀលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយ លោកបណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារនិងកសិកម្ម FAO នៅទីស្តីការក្រសួងកសិកម្ម។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត Bosc បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ចំពោះជំនួបនាថ្ងៃនេះ លោកបណ្ឌិតបានបញ្ជាក់ជូនលោករដ្ឋមន្ត្រីជ្រាបថា ដោយសង្កេតឃើញកសិករកៅស៊ូគ្រួសារមានបញ្ហាប្រឈមជាខ្លាំងគួរឲ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិកំពុងធ្លាក់ថ្លៃ ការប្រែប្រួលអាកាសធាតុ និងទិន្នផលក៏បានថយចុះ អង្គការ FAO រួមជាមួយអង្គការ CIRAD បានឯកភាពរៀបចំបង្កើតគំរោងថ្នាក់តំបន់ត្រីភាគីរវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលគម្រោងនេះផ្តោតជាសំខាន់ទៅលើប្រព័ន្ធសង្កេតការ សិក្សាស្រាវជ្រាវ និងវិភាគជាលំអិតនៃលទ្ធផលដែលទទួលបាននៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តដាំដុះ ការប្រមូលផលជ័រកៅស៊ូ និងធ្វើការកែសម្រួល។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការ FAO ដែលបាននឹងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវភាពគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគម្រោងដែលបានលើកឡើង ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា ការបង្កើនសមត្ថភាពមន្ត្រីជំនាញនិងកសិករដាំកៅស៊ូ ការកាត់បន្ថយថ្លៃដើមនិងពលកម្ម ការបង្កើនទិន្នផល ការធ្វើឲ្យប្រសើរឡើងនៃគុណភាពជ័រកៅស៊ូ ការធានាបាននូវនិរន្តរភាពនៃដើមកៅស៊ូ និងជាពិសេសការបង្កើនប្រាក់ចំណូលគ្រួសារ គឺជាគន្លឹះដ៏សំខាន់ និងគោលដៅរបស់ក្រសួង។ ទន្ទឹមនឹងនេះ ដើម្បីអនុវត្តគម្រោងនេះទទួលបានភាពជោគជ័យ លោករដ្ឋមន្ត្រីបានស្នើឲ្យអង្គការ FAO សហការជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃក្រសួង ព្យាយាមឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹងវិស័យកៅស៊ូឡើងវិញប្រកបដោយចីរភាព៕
Source: Kampuchea Thmey Daily
0 Comments