កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង២នាក់នេះ បានពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូយកពីភ្នំពេញ មកលាក់ទុកនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការចាប់ខ្លួនជនខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យនេះ ១.ឈ្មោះ លី សុខហេង អាយុ ៣១ឆ្នាំ ភេទប្រុស រស់នៅ ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២ឈ្មោះ រូ ម៉ៅជួប អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីបានស្រាវជ្រាវទៅតាមជំនាញរួចមកសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រតិបត្តិការរកឃើញ ក្រុមជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូយកមកសម្ងំលាក់ខ្លួនក្នុងមូលដ្ឋាននេះ។ ដោយសមត្ថកិច្ចបានរកឃើញមុខម៉ូតូហុងដាសេ១២៥ មួយគ្រឿង ជាវត្ថុតាង ដែលជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពប្លន់យកមកពីក្រុងភ្នំពេញ។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគបាលកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី បានចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments