ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៥ បាន លើកឡើងថា គោលដៅជាយុទ្ធសាស្ត្រសម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់អាទិភាពទៅលើការកែទម្រង់អភិបាលកិច្ចសំដៅពង្រឹងស្ថាប័នសាធារណៈនិងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើមូលធនមនុស្ស ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចនិងការវិនិយោគ ។ សម្តេចតេជោបានថ្លែងដូច្នេះនៅក្នុងពិធីបើកពិធីពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលបានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១២ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ជាតិ ណាននីង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាពិតជាបានយកវេទិកានោះថ្លែងទាក់ទាញអ្នកវិនិយោគចិន និង អ្នកវិនិយោគបរទេសដែលបានចូលរួមនៅក្នុងពិព័រណ៍នោះ ដោយសម្តេចបានមានប្រសាសន៍ អំពីកំណើនសេដ្ឋកិច្ច របស់កម្ពុជា និង សក្តានុពលរបស់ប្រទេសកម្ពុជា ព្រមទាំងបទដ្ឋានគតិយុត្តិប្រកបដោយការទាក់ទាញ ដែលផ្តល់នូវផលប្រយោជន៍សម្រាប់អ្នកវិនិយោគទុន។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧ ភាគរយក្នុងមួយឆ្នាំ ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ និង វិសមត្ថភាពនៅក្នុងសង្គម គួរឲ្យកត់សម្គាល់ លើមូលដ្ឋាននេះកម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ កន្លងមក។
សមិទ្ធផលទាំងអស់នេះ បានផ្តល់ឲ្យកម្ពុជាកំណត់នូវចក្ខុវិស័យសម្រាប់រយៈពេលវែងរបស់ខ្លួនឈានពីប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «គោលដៅជាយុទ្ធសាស្ត្រសម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់អាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និង កសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើមូលធនមនុស្ស ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចនិងការវិនិយោគ ព្រមទាំងការពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយនឹងគ្រប់ដៃគូពាក់ព័ន្ធ។ ជាពិសេសការពង្រីកសមត្ថភាពកម្ពុជាក្នុងការធ្វើសមាហរណកម្មសម្រាប់សេដ្ឋកិច្ចតំបន់ និង ពិភពលោក ទាំងអស់នេះនឹងធ្វើឲ្យប្រជាជនគ្រប់រូបមានជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនានៅក្នុងសង្គមកម្ពុជាមួយដែលគោរពតម្លៃមនុស្ស សេរីភាព ប្រជាធិបតេយ្យ និង នីតិរដ្ឋ»។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវវិធានការមុតស្រួចនិងជាក់ស្តែងនានាដើម្បីប្រកាន់ភាពប្រកួតប្រជែងរបស់កម្ពុជាជារួមមាន ការកាត់បន្ថយតម្លៃ logistics ,ជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូន, ថាមពល ឌីជីថល ,ការកាត់បន្ថយតម្លៃអគ្គិសនី និង ការធានាស្ថេរភាពនៃការផ្គត់ផ្គង់ ធ្វើសាមញ្ញកម្ម និង ស្វ័យប្រវត្តិកម្មនីតិវិធីគយ,កាត់បន្ថយនូវការចំណាយធ្វើធុរកិច្ចទាំងក្រៅផ្លូវការនិងក្នុងផ្លូវការ, ជំរុញការកែទម្រង់និងទំនើបកម្មប្រព័ន្ធពន្ធដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ សេវាល្អ អភិបាលកិច្ចល្អ និង អានុភាពនិងជំរុញការលើកកម្ពស់ការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។
សម្តេចតេជោបន្តថា ជាងនេះទៅទៀតការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក៏នឹងក្លាយទៅជាទិសដៅអាទិភាពដែលសំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបង្កើតមូលដ្ឋានសម្រាប់ពង្រីកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍន៍វិស័យឌីជីថលទាំងផ្នែករឹងនិងទន់។ ការរៀបចំអភិវឌ្ឍន៍ធនធានមនុស្សនិងជំនាញស្របតាមបរិការថ្មី ព្រមទាំងបង្កើតក្របខ័ណ្ឌគតិយុត្តិនិងបញ្ញត្តិគាំទ្រដែលមានការពាក់ព័ន្ធ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងកត់សំគាល់និងវាយតម្លៃខ្ពស់ចំពោះពិព័រណ៍ចិន-អាស៊ាន ដែលបានក្លាយទៅជាវេទិកានយោបាយការទូត និង ពាណិជ្ជកម្មប្រចាំឆ្នាំ ដ៏សំខាន់និងមានប្រសិទ្ធភាពសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និង វិនិយោគិនប្រទេសសមាជិកអាស៊ានទាំងអស់ជួបជុំផ្លាស់ប្ដូរពិភាក្សាពិគ្រោះយោបល់ស្វែងរកដៃគូវិនិយោគនិងពាណិជ្ជកម្ម។
សម្តេចបានធ្វើការកត់សំគាល់ទៀតថា ពាណិជ្ជកម្មចិន-អាស៊ានបានដើរតួនាទីរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងចិននិងអាស៊ាន ក៏ដូចជាការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងយុគ្គសម័យ digital នេះដើម្បីឲ្យកិច្ចប្រតិបត្តិការរបស់យើងដំណើរការទៅដោយរលូន ជាពិសេសសម្រេចបាននូវគោលដៅរួម ក្រោមប្រធានបទ រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសហគមន៍ចិន-អាស៊ាន ប្រកបដោយនវានុវត្តន៍។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា បន្ថែមពីលើសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ខ្ញុំយល់ថាការតភ្ជាប់ឌីជីថលគឺជាកត្តាចាំបាច់មិនអាចខ្វះបាន។
ទន្ទឹមនឹងនេះ យើងត្រូវផ្ដល់អាទិភាពខ្ពស់ទៅលើការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតការងារធ្វើ និងជួយពង្រឹងដល់ប្រព័ន្ធសន្តិសុខ សុខមាលភាពសង្គម។ លើសពីនោះទៀត វិទ្យាសាស្ត្របច្ចេកទេសនិងនវានុវត្តន៍ គឺជាចលករដ៏សំខាន់ក្នុងការពន្លឿនសមាហរណកម្មតំបន់ ជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជននិងបង្កើតប្រសិទ្ធភាពសម្រាប់ការធ្វើប្រតិបត្តិការលើវិស័យនានាក៏ដូចជាប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រតិបត្តិការធនាគារ ការទូទាត់ហិរញ្ញវត្ថុ។ល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការចិន-អាស៊ាននៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិជ្ជា និងនវានុវត្តន៍និងត្រូវបានពង្រឹងនិងពង្រីកថែមទៀត ហើយមិត្តចិនដែលមានការរីកចម្រើនខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍និងចែករំលែកចំណេះដឹងចំណេះធ្វើដល់ភាគីអាស៊ាន ដែលប្រការនេះនឹងជួយឲ្យអាស៊ានអាចទទួលបានផលប្រយោជន៍ដ៏ធំធេងពីកិច្ចសហប្រតិបត្តិការនេះ ហើយយើងទាំងអស់គ្នានឹងសម្រេចបាននូវគោលដៅចុងក្រោយរបស់យើងគឺការកសាងសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍។
នៅចុងបញ្ចប់នៃសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ពិតជាមិនភ្លេចអំពាវនាវវិនិយោគិនទាំងអស់ឲ្យស្វែងយល់ពីកាលានុវត្តភាពវិនិយោគជាក់ស្តែង និងធ្វើការវិនិយោគនៅកម្ពុជា។
ពិព័រណ៍ចិន-អាស៊ាន លើកទី ១៥ ក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍” បានប្រារព្ធពិធីបើកជាផ្លូវការដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រទេសអាស៊ានទាំង១០ និងប្រទេសនៅតំបន់អាហ្វ្រីក និងអ្នកវិនិយោគមកពីប្រទេសអាស៊ាន អាហ្វ្រីក ជាច្រើនរូប។
សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០១៨ នេះ មានលក្ខណៈពិសេសដោយមានមេដឹកនាំពីប្រទេសអាហ្វ្រិកមួយចំនួនអញ្ជើញចូលរួមផងដែរ។
ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ លោក លូ ស៊ីនសឺ លេខាធិការបក្ស តំបន់ស្វយ័តជនជាតិជ័រក្វាងស៊ី និងលោក ហាន់ ជឹង ឧបនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍ថា ប្រធានបទនៃពិព័រណ៍ចិន-អាស៊ាន លើកទី១៥នេះ បានសម្រេចឲ្យឃើញពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការខាងនុវានុវត្ត។ ខណៈឆ្នាំនេះ គឺជាឆ្នាំនៃកិច្ចសហប្រតិបត្តិការខាងនុវានុវត្តន៍រវាងចិន-អាស៊ាន ការតាំងពិព័រណ៍លើកនេះនឹងបង្ហាញពីលទ្ធផលខាងផ្នែកនុវានុវត្ត ក៏ដូចជានិន្នាការថ្មីៗ នៃកិច្ចសហប្រតិបត្តិការខាងនុវានុវត្តន៍ សំដៅចាក់បញ្ចូលថាមពលថ្មីចូលទៅក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន។
លោកបន្តថា ដោយសារការតាំងពិព័រណ៍ឆ្នាំ២០១៨នេះ មានលក្ខណៈពិសេស គណៈកម្មាធិការពិព័រណ៍បានអញ្ជើញបណ្តាប្រទេសមកពីតំបន់អាហ្វ្រិក ដែលជាប្រទេសក្នុងសូត្រសមុទ្ររបស់ចិន ដែលមានអត្ថន័យដ៏ទូលំទូលាយ ដែលមានការចូលរួមតាំងពិព័រណ៌រហូតដល់ជាង៦.៦០០ស្តង់ និងក្រុមហ៊ុនជាង ៧ ពាន់ ចូលរួម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ហាន់ ជឹង ឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញបើករបាំងស្បៃនៃពន្លាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា នៅមុនពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥។
នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំពន្លាជាតិរបស់ខ្លួនលើផ្ទៃដីទំហំ ៣០៤ ម៉ែត្រក្រឡា ដោយបានជ្រើសរើសយកប្រាសាទសំបូរព្រៃគុកដែលទើបទទួលបានការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ជាខេត្តស្រស់ប្រិមប្រីយនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពន្លាជាតិនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលចម្រុះទាក់ទិនទៅនឹងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម សម្ភារៈ និងឯកសារស្តីពីសកម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនានា ពិសេសមានការសម្តែងសិល្បៈ របាំជូនពរ របស់ក្រុមសិល្បៈ មហាជន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បន្ទាប់ពីបានចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន និងប្រតិភូជាន់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចាកចេញពីទីក្រុងណាន់នីងធ្វើដំណើរត្រង់ទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាម នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧៕
Source: Kampuchea Thmey Daily
0 Comments