អំឡុងពេលពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) កំពុងសម្រាកមួយរយៈខ្លី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដឹកនាំដោយគ្រូបង្វឹកលោក Conor Nestor និងកីឡាករមួយចំនួនបានចុះទៅចែករំលែកបទពិសោធន៍បាល់ទាត់ (Football Clinic) ដល់កុមារនៅក្នុងអង្គការ NERC។
ការចែករំលែកដល់អង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋានស្ថិតនៅខេត្តកណ្តាលមួយនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី៩ ខែកញ្ញា ឆ្នាំ២០១៨ ថ្មីៗ ដោយទទួលបានការចូលរួមពីសំណាក់កុមារ និងយុវជន ប្រមាណជាង ៥០នាក់។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអប់រំរបស់អង្គការក្រៅរដ្ឋាភិបាល ហៅកាត់ថា NERC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2004។
អង្គការNERC គឺជាអង្គការមួយដែលផ្តល់ជូននូវកម្មវិធីអប់រំនិងកម្មវិធីបាល់ទាត់សម្រាប់កុមារប្រហែល ១០០នាក់។ NERC ជាអង្គការដើម្បីអភិវឌ្ឍឥរិយាបថវិជ្ជមានក្នុងចំណោមសហគមន៍មូលដ្ឋាននិងអប់រំអំពីការប៉ះពាល់អវិជ្ជមានគ្រឿងញៀន និងគ្រឿងស្រវឹង និងបទឧក្រិដ្ឋអាចមានលើជីវិតមនុស្សនិងគ្រួសារ។
លោក Conor Nestor កំពុងតែឈឺក្បាលរឿងដឹកនាំក្រុមទទួលបានចំណាត់ថ្នាក់មិនសូវបានល្អប្រចាំរដូវកាលនេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ចំពោះលីគកំពូលកម្ពុជា វិញក្រោយប្រកួតបាន១៩លើក ឈ្នះបាន៧លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៩លើកមាន២៤ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់អង្គរថាយហ្គឺរ។
នៅក្នុងរដូវកាលដោះដូរកីឡាករដំណាក់កាល២ថ្មីៗនេះ ក្លិបបានដោះដូរកីឡាករគួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីត្រៀមជើងទី២លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨ ហើយតាមរយៈការដោះដូរកីឡាករនេះគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ UEFA A License រូបនេះរំពឹងថា ក្រុមនឹងមានគុណភាពមួយកម្រិតថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments