ភ្នំពេញ ៖ កុដិលេខ៧បានកសាងកុដិថ្មីមួយបន្ថែមនៅក្បែរគ្នានោះ ជាការសាងសង់បន្ថែមទៀតសម្រាប់ការជ្រកកោនស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃនិងសិស្ស និស្សិត បន្ដការរៀនសូត្រទៅថ្ងៃមុខ។
កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ មានប្រារព្ធពិធីឆ្លងកុដិលេខ៧រៀបចំដោយព្រះភិក្ខុអត្ថសន្ទរោជៅ វ៉ាន់ ដេត និងមានការនិមន្តចូលរួម ដោយសម្ដេចព្រះសុមេធាធិបតីកិតិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ព្រះគ្រូធម្មវិជ្ជា ជួន កក្កដា ព្រះគ្រូមេត្ដាភិរក្ជិត ផុន ផៃ ហើយអ្នកដែលផ្ដួចផ្ដើមកសាងឲ្យចេញជារូបរាងនូវសមិទ្ធផលកុដិដ៏ស្អាតត្រដែតត្រដឹមនេះឡើងនិងមានការចូលរួមកសាងកុដិលេខ៧នេះ មានលោកឧកញ៉ា លី យូគៀក និងលោកជំទាវយ៉ាន សុខខឿន លោកជំទាវ ជា សោភ័ណ ព្រមទាំងបុត្រ លី តេចឡុង លី តេចថាយ លី តេចស័រ លី តេចជៀក ដែលបានជួយកសាងកុដិចេញជារូបរាងនេះឡើងចំណាយទឹកប្រាក់អស់ចំនួន ៣៥០០០ ដុល្លារផងដែរ។
តាមប្រសាសន៍របស់លោកឧកញ៉ា លី យូគៀក បានឲ្យដឹងថា លោកបានជួយចំណាយថវិកាផ្ទាល់ខ្លួនរួមទាំងក្រុមគ្រួសារគឺជាប្រយោជន៍ដល់អាណាចក្រ ពុទ្ធចក្រ ដើម្បីជួយដល់ព្រះសង្ឃ និស្សិត និងសិស្ស ដើម្បីសិក្សារៀនសូត្រ ក្នុងគោលបំណងប្រគេនជូនដល់សម្ដេចសង្ឃនាយក សម្រាប់លោកចាត់ចែងជាប្រយោជន៍ដល់សង្គមជាតិរបស់យើងតទៅអនាគតផងដែរ។
តាមការឲ្យដឹងពី លោក ហែម វណ្ណរិទ្ធ ក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរបានរៀបរាប់ឲ្យដឹងថា លោកឧកញ៉ា លី យូគៀក តាមខ្ញុំកត់សម្គាល់ឃើញថា លោកឧកញ៉ាមានសន្ដានចិត្ដល្អទូលាយណាស់គាត់ធ្វើតែបុណ្យគឺដើម្បីជាផលប្រយោជន៍បំរើដល់វិស័យព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា លោកឧកញ៉ាធ្វើបុណ្យគ្រប់ទីកន្លែង ជាពិសេសជួយផ្គត់ផ្គង់ដល់និស្សិតក្រីក្រនៅតាមវត្ដអារាមផ្សេងទៀតផង ពេលដែលមានទុក្ខលំបាកគឺលោកឧកញ៉ាតែងជួយឧបត្ថម្ភជានិច្ច។
លោក ហែម សុវណ្ណរិទ្ធ បញ្ជាក់ទៀតថា លោកឧកញ៉ា លី យូគៀក ជាមនុស្សមានគុណធម៌ស្រឡាញ់ព្រះពុទ្ធសាសនា លោកឧកញ៉ាដើរធ្វើបុណ្យគ្រប់ទិសទីដែលជាការចូលរួមចំណែកជួយដល់សង្គមជាតិ គឺដើម្បីកាត់បន្ថយភាពក្រីក្រមួយផ្នែកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments