Ad Code

សហគមន៍​ខ្មែរ​-​អាមេរិកកាំង ប្រកាស​គាំទ្រ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក



ភ្នំពេញ​ ៖ សហគម​ន៍​ខ្មែរ​-​អាមេរិកកាំង ប្រកាស​គាំទ្រ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​អង្គការសហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ពីព្រោះ​នេះ​ជា​មោទនភាព​បំផុត​សម្រាប់​កម្ពុជា នេះ​បើ​យោង​តាម​លិខិត ដែល​ការិយាល័យ​កម្ពុជា​ថ្មី​ទទួល​បាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨។

តាម​លិខិត​ចុះហត្ថលេខា​ដោយ អគ្គលេខាធិការ សហគម​ន៍​ខ្មែរ​-​អាមេរិកកាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក តឹក ងូ​យ បាន​បញ្ជាក់​ថា ក្នុងនាម​ជា​ខ្មែរ​អាមេរិកាំង ដែល​បាន​ចងក្រង​ជា​សហគមន៍​ខ្មែរ​-​អាមេរិកាំង​រស់នៅ​កម្ពុជា ដែលមាន​សមាសភាព ជា​ពាណិជ្ជករ មន្ត្រី អ្នកស្នាក់នៅ និង​អ្នកបម្រើ​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​សំដែង​នូវ​ការរីករាយ​បំផុត និង​គាំទ្រ​នូវ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ទៅកាន់​អង្គការសហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ដែល​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។



តាម​លោក តឹក ងូ​យ "​នេះ​ជា​មោទនភាព​បំផុត​សម្រាប់​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​សម្ដេច​តេ​ជោ ដែល​បាន​បញ្ចប់​សង្គ្រាម​នាំមក មិន​ត្រឹមតែ​សន្តិភាព វិបុលភាព​នោះទេ គឺ​ឯកភាព​ជាតិ​នៅ​ដំណាក់កាល​ទី​១ ជាមួយ​ឧទ្ទាម​ខ្មែរក្រហម និង​ដំណាក់កាល​ទី​២ គឺ​កិច្ច​ឯកភាព​ជាតិ ដែល​មាន​ប្រជាពលរដ្ឋ​បាន​ចេញទៅ​បោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជាង​៨៣ ភាគរយ​។ ជាមួយគ្នានេះដែរ យើងខ្ញុំ​មាន​មោទនភាព​ចំពោះ​សម្តេច​ដេ​ជោ​ណាស់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​លើសលប់​រហូតដល់​៧០​ភាគរយ បាន​បោះឆ្នោត​គាំទ្រ​សម្ដេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​ថ្មី​នេះ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ យើងខ្ញុំ​សូម​គោរព​អនុញ្ញាត ចូលរួម​ពី​ចម្ងាយ​ជាមួយ​ខ្មែរ​-​អាមេរិកាំង ដែល​លោក​ជា​មតិ​ភាគច្រើន​រស់នៅ​សហរដ្ឋអាមេរិក មក​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ទីគោរព​ដ៏​ខ្ពង់ខ្ពស់​យើងខ្ញុំ​ប្រាកដ​ណាស់​ថា ខ្មែរ​អាមេរិកាំង​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ភាគច្រើន​លើសលប់ ដែល​គេ​មិនសូវ​បញ្ចេញមតិ​នយោបាយ​ជា​សាធារណៈ​មែន ក៏ប៉ុន្តែ​ភាគច្រើន គឺមាន​ជំនឿ និង​គាំទ្រ​សម្ដេច តាមរយៈ​រូបភាព​ទទួល​ស្វាគមន៍​"​។



សាជាថ្មី​ម្ដងទៀត ក្រៅពី​កិច្ច​គាំទ្រ និង​ប្រសិទ្ធិ​ពរជ័យ សហគម​ន៍​ខ្មែរ​-​អាមេរិកកាំង​រំពឹង​ថា អ្នកនយោបាយ​សហរដ្ឋ​អាមេរិក ដែល​គេ​រស់នៅ​រាប់រយ​យោ​ជ​ន៍​ឆ្ងាយ​ពី​កម្ពុជា ប្រាកដជា​ថ្លឹងថ្លែង​ពី​តំលៃ​រវាង​ភាគច្រើន និង​ភាគតិច រាប់​តាំងពី​នៅ​កម្ពុជា រហូតដល់​ទឹកដី​សហរដ្ឋ​អា​មេ​រិក​ហើយ​គេ​ទទួលស្គាល់​ការពិត នៃ​តម្លៃ​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​។

​សូមបញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ទីក្រុង​ញូវយ៉ក ហើយ​សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ ហើយ​នៅ​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា ផងដែរ​។

ទាក់ទង​ការ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះដែរ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា មាន​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋ​វ៉ាស៊ីនតោន​, ក្រុង​ឡូវ៉ែល និង​នៅ​រដ្ឋ​អ័​រ​រី​ហ្គេ​ន​នៃ​សហរដ្ឋអាមេរិក បានចេញ​វីដេអូ​ក្លឹប​មួយ ប្រកាស​ចាំ​ទទួល​ស្វាគមន៍ វត្តមាន​របស​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​នឹង​អញ្ជើញ​ទៅ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​នោះ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu