នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយនៅថ្ងៃពុធថា ផ្លែស្ត្រប៊ឺរីនៅផ្សារទំនើបដែលមានម្ជុលគឺត្រូវបានគេប្រៀបធៀបទៅនឹង “អំពើភេរវកម្ម”។ លោកបានលើកឡើងបែបនេះខណៈលោកទាមទារឲ្យមានការកាត់ទោសដ៏តឹងរ៉ឹងបំផុតដើម្បីឆ្លើយតបទៅនឹងការភ័យខ្លាចនៅទូទាំងប្រទេស។
ដោយជំរុញឲ្យប្រជាជនអូស្ត្រាលីធ្វើនំ Pavlova ស្ត្រប៊ឺរីនៅចុងសប្ដាហ៍នេះដើម្បីជួយកសិករដែលកំពុងតស៊ូនោះ, លោក Scott Morrison បានទាមទារឲ្យមានការផ្លាស់ប្តូរច្បាប់មួយដើម្បីដាក់ជនល្មើសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ។
លោក Morrison បាននិយាយបន្ទាប់ពីផ្លែឈើយ៉ាងតិច២០ផ្លែត្រូវបានគេរកឃើញមានម្ជុលដេរឬម្ជុលខ្ទាស់ថា “នេះជាអំពើដ៏ថោកទាប រឿងនេះមិនមែនតែនៅក្នុងប្រទេសរបស់យើងទេ”។
ទន្ទឹមនោះ លោក Morrison បានអំពាវនាវឲ្យសភាបង្កើនការកាត់ទោសអតិបរិមាឲ្យបានឆាប់រហ័សពីការជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំសម្រាប់អ្នកដែលមានចេតនាបង្ករឿងនេះ។
គាត់បាននិយាយថា វានឹងធ្វើឲ្យបទឧក្រិដ្ឋនេះមានលក្ខណៈដូចទៅនឹងរឿងរ៉ាវនានាដូចជាការមើលរូបអាសអាភាសរបស់កុមារនិងហិរញ្ញប្បទានភេវរកម្មជាដើម។
ការភ័យខ្លាចនេះបានជំរុញឲ្យផ្សារទំនើបប្រមូលផ្លែស្ត្រប៊ឺរីមកវិញហើយហាងមួយចំនួននៅប្រទេសនូវែលហ្សេឡង់បានហាមឃាត់ជាបណ្តោះអាសន្ននូវការលក់ផ្លែស្ត្រប៊ឺរីរបស់អូស្ត្រាលី។
កសិករត្រូវបង្ខំចិត្តកិនផ្លែឈើនិងកាត់បន្ថយអ្នកបេះដោយសារតែការលក់យឺតនិងតម្លៃលក់ដុំចុះទាប។ អាជ្ញាធរបានស្នើឲ្យប្រជាជនកាត់ផ្លែស្ត្រប៊ឺរីសិនមុនពេលពួកគេបរិភោគ។
ប៉ូលិសអូស្ត្រាលីកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេនៅតែមិនដឹងពីមូលហេតុនៅពីក្រោយការវាយប្រហារនេះហើយនៅតែកំពុងស្វែងរកជនសង្ស័យ។
ពួកគេបានស្នើសុំឲ្យសាធារណជនជួយជាមួយការស៊ើបអង្កេតរបស់ពួកគេហើយនៅថ្ងៃពុធត្រូវបានគេរំពឹងថានឹងបង្កើនរង្វាន់សម្រាប់ព័ត៌មានណាដែលជួយដោះស្រាយរឿងក្តីនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments