ប្រមុខរដ្ឋបាលថាមពលរបស់ប្រទេសចិនត្រូវបានដាក់ស្ថិតនៅក្រោមការស៊ើបអង្កេតដោយអង្គការឃ្លាំមើលការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ប្រទេសដែលគាត់គឺជាមន្ត្រីកំពូលចុងក្រោយបង្អស់ដែលពាក់ព័ន្ធក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់គណបក្សកុម្មុយនីស្ត។
លោក Nur Bekri ដែលជាជនជាតិអ៊ុយហ្គ័របានក្លាយជាអនុលេខាបក្សនិងជាប្រធានរដ្ឋាភិបាលនៅក្នុងតំបន់ចុងភាគខាងលិច Xinjiang មុនពេលទទួលបានតំណែងនៅរដ្ឋបាលថាមពលក្នុងឆ្នាំ២០១៤។
ភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ចិនគឺគណៈកម្មាធិការកណ្តាលសម្រាប់អធិការកិច្ចវិន័យបាននិយាយនៅថ្ងៃសុក្រថា លោក Bekri កំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់និងវិន័យរបស់គណបក្សដែលជាធម្មតាមានន័យថាអំពើពុករលួយ។
លោក Bekri ក៏បានកាន់តំណែងជាអនុប្រធាននៃអ្នករៀបចំផែនការរដ្ឋរបស់ប្រទេសចិនផងដែរដែលធ្វើឲ្យគាត់ក្លាយជាមន្ត្រីជនជាតិអ៊ុយហ្គ័រជាន់ខ្ពស់ម្នាក់។
ជនជាតិភាគតិចអ៊ុយហ្គ័រដែលកាន់សាសនាឥស្លាមបានរស់នៅក្នុងតំបន់ Xinjiang ជាទីដែលពួកគេប្រឈមមុខនឹងការបង្ក្រាបយ៉ាងឃោរឃៅក្រោមលេសប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងការបំបែកខ្លួន។
ក្រុមសិទ្ធិមនុស្សបាននិយាយថា ជនជាតិភាគតិចនេះរហូតដល់ទៅមួយលាននាក់ត្រូវបានគេជឿថាកំពុងជាប់ឃុំនៅក្នុងជំរំអប់រំក្រៅប្រព័ន្ធតុលាការនៅតំបន់ Xinjiang ។
គួរបញ្ជាក់ថា វិស័យឧស្សាហកម្មថាមពលបានក្លាយជាគោលដៅនៃការបង្ក្រាបប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping ដោយមានមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្រុមហ៊ុនប្រេងរបស់ចិនកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ AFP
Source: Kampuchea Thmey Daily
0 Comments