Ad Code

ការ​ប្រកួត​កីឡា​និស្សិត​ឧត្ដមសិក្សា​ និង​មធ្យមសិក្សា​ឯកទេស​ទូទាំង​ប្រទេស​ឆ្នាំ​២០១៨ ចាប់ផ្ដើម​បើក​ជា​ផ្លូវការ​ហើយ



ការប្រកួត​កីឡា​និស្សិត​ឧ​ត្ត​មសិ​ក្សា និង មធ្យមសិក្សា​ឯកទេស​ទូទាំងប្រទេស​ឆ្នាំ​២០១៨​ បានចាប់ផ្ដើម​បើក​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែ​​កញ្ញា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ការប្រកួត​កីឡា​និស្សិត​ប្រចាំ​ឆ្នាំនេះ ។ ការប្រកួត​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៨​កញ្ញា។

ជាមួយនឹង​ការប្រកាស​បើក​ការប្រកួត​ប្រចាំឆ្នាំ​នោះ លោក​រដ្ឋលេខាធិការ​ស សុខា បាន​សំណូមពរ​ឲ្យ​អត្ត​ព​លិ​ក​ទាំងអស់ មានការ​អធ្យាស្រ័យ​ចំពោះ​អាជ្ញាកណ្ដាល ចៅក្រម​រាល់​កំហុស​ដោយ​អ​ចេតនា​ដែល​បាន​កើតឡើង។​

លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា ទោះបី​ចាញ់​ឬ​ឈ្នះ​ក្នុងការ​ប្រកួត​មិនត្រូវ​បោះបង់​និង​ឈប់​លេង​កីឡា​ឡើយ​គឺ​ត្រូវ​ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​កីឡាករ​របស់​កម្ពុជា​ពីព្រោះ​ការលេង​កីឡា​មាន​សារប្រយោជន៍​សម្រាប់​មនុ​ស្ស​គ្រប់​វ័យ​ក្នុងការ​ទទួលបាន​នូវ​សុខ​ភាពល្អ​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​និង​ជួយ​ឲ្យ​ចៀស​ផុតពី​ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​។​

លោ​កស សុខា​បានធ្វើការ​កត់សំគាល់ថា រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​កីឡា​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ។​កម្ពុជា​មិន​ត្រឹមតែ​ដណ្ដើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ​តែ​បាន​កម្រិត​ទ្វីបអាស៊ី និង ពិភពលោក​ទៀតផង ។​

តាម​របាយការណ៍​រប​ស់​គណៈកម្មការ​រៀបចំ​ការប្រកួត ឲ្យ​ដឹងថា មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង មធ្យមសិក្សា​ឯកទេស​ចំនួន​២២​គ្រឹះស្ថាន បាន​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​របស់ខ្លួន​មក​ចូលរួម​ប្រកួត ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ចំនួន​៨​មកពី​បណ្ដា​ខេត្ត​នានា ។​

កីឡា​ចំនួន​៦​ប្រភេទ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ដែល​ក្នុងនោះ​មាន​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់​និង កីឡាវាយកូនឃ្លីលើតុ ។​

បាល់ទាត់​បុរស​ចំនួន​១៣​ក្រុម បាល់ទះ​បុរស​៤​ក្រុម​បាល់បោះ​បុរស​៥​ក្រុម និង​នារី​៤​ក្រុម​អត្តពលកម្ម​មាន​១៥​គ្រឹះស្ថាន​ក្នុងនោះ​កីឡាករ​៧០​នាក់​កីឡាការិនី​៣៥​នាក់​។​ប៉េតង់​ដែលមាន​តែ​បុរស​នោះ​មកពី​៦​គ្រឹះស្ថាន​ដែលមាន​កីឡាករ​ចំនួន​២៤​រូប និង វាយ​កូនឃ្លី​លើ​តុ​មកពី​៨​គ្រឹះស្ថាន​ដែលមាន​កីឡាករ​២៤​រូប។ ​សរុប​កីឡាករ​-​កីឡាការិនី​ដែល​ចូល រួម​ប្រកួត​ឆ្នាំនេះ​មាន​៦៨១​នាក់​ក្នុងនោះ​៩៤​នាក់​ជា​កីឡាការិនី៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu