កំពង់ចាម ៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើងនៅវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបឹង ខ្ពបតាម៉ុកខាងលិច ភូមិរាយប៉ាយក្រោម ឃុំ រាយប៉ាយ ស្រុកកងមាសខេត្តកំពង់ចាម ចម្ងាយប្រហែល ១០០០ ម៉ែត ពីភូមិ ដោយសារមានសម្រែកយំរបស់កុមារីចេញពីទូករបស់អ្នកនេសាទម្នាក់។
ពេលសមត្ថកិច្ចទៅមើល ក៏ប្រទះសពបុរសម្នាក់ ដែលត្រូវជាឪពុករបស់កុមារីនោះ ដេកស្លាប់នៅលើទូក។
ប៉ូលិសបានអោយដឹងថា ជនរងគ្រោះឈ្មោះ គាំ ប៉ិ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បានដេកស្លាប់នៅលើទូករបស់ខ្លួន។
ប្រភពបានបន្តថា ជនរងគ្រោះ បានដេកចាំមងនៅកន្លែងកើតហេតុខាង លើ ជាមួយកូនស្រីឈ្មោះ ប៉ិ ធារី អាយុ ៨ ឆ្នាំ រហូតដល់ស្លាប់។
ប៉ូលិសបានបន្តថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានបង្កើត គណៈកម្មការត្រួតពិនិត្យទៅលើសព ឃើញថា លើដងខ្លួន អវយវៈ និងក្បាលពុំមានស្លាកស្នាមអ្វីឡើយ។
គណៈកម្មការ បានសន្និដ្ឋានបានថា ការស្លាប់ខាងលើគឺស្លាប់ដោយខ្យល់គរប្រាកដមែន ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពីគណៈកម្មការពិនិត្យចប់បានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments