ទីបំផុតតារាប្រុស-ស្រីសិចស៊ី៤រូប ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញលិខិតព្រមាន
ភ្នំពេញ ៖ តារាចម្រៀងនិងសម្តែងប្រុស-ស្រីចូលចិត្តសម្ញែងភាពសិចស៊ីមិនប្រណីដៃ និងខ្លាចរអាការរិះគន់របស់មហាជន ក៏ដូចការព្រមានរបស់ក្រសួងដែលជាអាណាព្យាបាលចំនួន៤រូប ទីបំផុតត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញលិខិតព្រមានផ្លូវការ។ ខណៈដែលតារាស្រី សេង សូណា ក៏ត្រូវបានក្រសួងបិទផ្លូវសិល្បៈផងនោះ។
តារាប្រុស-ស្រីទាំង៤រូប ដែលរងការព្រមានតាមរយៈការចេញលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគឺមាន ៖ តារាសម្តែងស្រីសាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សា ,តារាចម្រៀងសម្បូរសាច់ដើមទ្រូងរាងមាន់ចែកញ្ញា រតនៈ ពិសី ,តារាសម្តែងសិចស៊ីកូន៣អ្នកនាង ស្រីម៉ុច និងតារាចម្រៀងនិងសម្តែងប្រុសលោក អេនឌី ផងដែរ។
យោងតាមលិខិតព្រមានផ្លូវការរបស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈចុះហត្ថលេខាដោយលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការព្រមានរបស់ក្រសួងលើតារាប្រុស-ស្រីទាំងនោះព្រោះតែពួកគេបានធ្វើឲ្យប៉ះពាល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិបណ្តាលឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំងពីមហាជនខ្មែរនៅតាមបណ្តាញសង្គមហ្វេសប៊ុក។
លិខិតដដែលបានលើកឡើងទៀតថា ដូចការបញ្ជាក់ខាងលើនោះគឺតារាប្រុស -ស្រីទាំង៤រូបនេះត្រូវតែបញ្ឈប់ទង្វើ ដែលនាំឲ្យប៉ះពាក់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ។ ករណីនៅតែបន្តក្រុមប្រឹក្សាវិន័យនិងលើកសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈដោយផ្អាកសកម្មភាពទាក់ទងនឹង វិស័យសិល្បៈវប្បធម៌ ទៅតាមរយៈពេលណាមួយ សមស្របតាមកំហុសឆ្គងនៃអ្នកប្រព្រឹត្ត។
សូមបញ្ជាក់ថាការចេញលិខិតព្រមានពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើតារាប្រុស-ស្រីដែលមានឈ្មោះខាងលើនេះគឺស្របពេលដែលកន្លងមកតារាទាំងនោះតែងតែបង្ហាញសកម្មភាពថតរូបសិចស៊ីស្រើបស្រាលបង្ហោះនៅលើបណ្តញសង្គមហ្វេសប៊ុកបង្កឲ្យមានការរិះគន់និងស្នើដល់ក្រសួងពីសំណាក់ទស្សនិកជនទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments