Ad Code

ក្រសួង​ការងារ​នឹង​រៀបចំ​ពិ​ព័រ​ណ៌​ការងារ​ថ្នាក់ជាតិ​នឹង​យុទ្ធនា​ការផលិត​ភាពជា​តិ​នៅ​ចុងខែ​តុលា​ដោយ​ផ្តល់ឱកាស​ការងារ​ជាង ២​ម៉ឺន​កន្លែង​ដល់​យុវជន



ភ្នំពេញ​ ៖​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​រៀបចំ​ពិព័រណ៍​ការងារ​ថ្នាក់ជាតិ និង​យុទ្ធនា​ការផលិត​ភាពជា​តិ​នា​ថ្ងៃទី​២៧​និង​២៨​ ខែតុលា​ ឆ្នាំ​២០១៨ ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ដែល​ពិព័រណ៍​ការងារ​នេះ​នឹង​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ប្រមាណ​ជាង​២​ម៉ឺន​កន្លែង​។

យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ ដែល​រួមបញ្ចូល​គ្នា​រវាង​ពិ​ព័រណ៍​ការងារ​ថ្នាក់ជាតិ នឹង​យុទ្ធនា​ការផលិត​ភាពជា​តិ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អនុវត្ត​ប្រកបដោយ​ភាព​ជោគជ័យ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​ដាក់ចេញ​នូវ គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ សំដៅ​បង្កើន​ឱកាស​ការងារ​សមរម្យ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​លើកកម្ពស់​ផលិតភាព​ការងារ ជំរុញ​ការអភិវឌ្ឍ​ជំនាញ និង​ធនធានមនុស្ស ព្រមទាំង​ពង្រីង​អភិបាលកិច្ច​ទីផ្សារ​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ប្រកបដោយ​សមធម៌​។



សម្រាប់​សិស្ស​/​និស្សិត យុវជន និង​សារណជន​ទូទៅ ជាពិសេស​អ្នក​កំពុង​ស្វែង​ការងារ​ធ្វើ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស​ធំៗ ចំនួន​៣០០​បញ្ជរ អាច​រើសមុខ​តំណែង​ដែល​លោកអ្នក​ពេញចិត្ត​សម្រាប់​ឱកាស​ការងារ​ជាង​ពីរ​ម៉ឺន​កន្លែង​ពី​បណ្តា​ក្រុមហ៊ុន​ល្បីៗ ទទួល​បាន​ការណែនាំ​អំពី​អាជីព បទពិសោធន៍ ជំនាញ​ទីផ្សារ​ការងារ​ដែល​កំពុង​ត្រូវការ និង​ឱកាស​បណ្តុះបណ្តាល​ជំនាញ​គ្រប់​ប្រភេទ​។ មិនតែប៉ុណ្ណោះ និង​ទទួល​បាន​គំនិត ចំណេះដឹង និង​បទពិសោធន៍​សម្រាប់​លើកកម្ពស់​ផលិតភាព ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បីៗ នៅក្នុង​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​របស់​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​០៨:០០​ព្រឹក ដល់​ម៉ោង​០៨និង០០នាទី​ល្ងាច​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ផងដែរ​។

ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផង​ដែរ អាច​ចាត់ទុកថា ​ជា​កន្លែង​ជួបជុំ​ដោយ​ងាយស្រួល​រវាង​នយោជក និង​អ្នកស្វែងរក​ការងារ​ធ្វើ ដើម្បី​ដាក់ពាក្យ និង​សម្ភាស​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​នៅនឹងកន្លែង ហើយ​អាច​ធ្វើ​ការ​ចែករំលែក​ព័ត៌មាន​អំពី​ការអភិវឌ្ឍ​ជំនាញ តម្រូវការ​ជំនាញ​តាម​មុខរបរ និង​វិស័យ​ដែលមាន​ការលូតលាស់​ខ្លាំង​ក្នុង​ទីផ្សារ​ការងារ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ព្រមទាំង​ការ​ចែករំលែក​ចំណេះដឹង​អំពី​បទពិសោធន៍​ល្អៗ សម្រាប់​លើកកម្ពស់​ផលិតភាព​ទៀតផង​។

សូម​បញ្ជាក់​ផង​ដែរ​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៨ បង្កើតឡើង​ដោយ “ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ” នៃ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ចូលរួម​សហការ​រៀប​ចំ​ដោយ “​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​” និង​សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​នេះ​ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ដោយ ធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince finance PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken , ក្រុមហ៊ុន Prince Group, ធនាគារ ភ្នំពេញ​ពាណិជ្ជ​, ក្រុមហ៊ុន True Money និង​មាន​កិច្ចសហការ​ពី​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​ជាច្រើន​បន្ថែមទៀត ។

ដូច្នេះ​សម្រាប់​ម្ចាស់​ក្រុមហ៊ុន គ្រឹះស្ថាន​អប់រំ សហគ្រាស​មានបំណង់​ចង់​ចូលរួម​ជាវ​បញ្ជរ​ដើម្បី​ជ្រើសរើស​បុគ្គលិក ឬ​បង្ហាញ​ពី​ផលិតផល​ក្រុមហ៊ុន​របស់ខ្លួន អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 017 871 807/017 467 423/017 467 423 ឬ​លោកអ្នក​អាច​ចូលទៅ​កាន់​វេ​ប​សាយ​របស់​NEA តាមរយៈ www.event.nea.gov.kh៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu