Ad Code

បេក្ខជន​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ត្រូវគេ​ចាក់​ឲ្យ​របួសធ្ងន់​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត



ក្រុមមន្ត្រី​បាន​និយាយថា បេក្ខជន​ប្រធានាធិបតី​ស្តាំនិយម​ឈានមុខ​របស់​ប្រទេស​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បានទទួល​ការវះកាត់​សង្គ្រោះ​បន្ទាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​គាត់​ត្រូវ​បាន​គេ​វាយប្រហារ​ដោយ​កាំបិត ​ខណៈ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ទី​ជនបទ។

មន្ទីរពេទ្យ Santa Casa នៅ​ភាគ​អាគ្នេយ៍​ទីក្រុង Juiz de Fora បាន​និយាយថា សមាជិកសភា​អាយុ ៦៣​ឆ្នាំ​រូបនេះ​មាន​របួស​នៅត្រង់​ពោះ​ដែល​ត្រូវបាន​បង្កឡើង​ដោយ​ឧបករណ៍​មុត​ស្រួច​។​

អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ AFP ថា បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​។ អ្នកនាំពាក្យ​ដដែល​បាន​និយាយថា ជនសង្ស័យ​បាន​កាន់​កាំបិត​រុំ​ក្នុង​ក្រណាត់។ ជនសង្ស័យ​គឺជា​អតីត​សកម្មជន​គណបក្សនយោបាយ​ឆ្វេងនិយម​មួយ​។​

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​បាន​ប្រាប់ AFP ថា លោក​ប្រធានាធិបតី Michel Temer បាន​ថ្កោលទោស​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការវាយប្រហារ​នេះហើយ​បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​សន្តិសុខ Raul Jungmann ឲ្យ​ពង្រឹង​សន្តិសុខសម្រាប់​បេក្ខជន​និង​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ម៉ឺងម៉ាត់​។​

ខណៈដែល​អតីត​ប្រធានាធិបតី​ជាប់ពន្ធនាគា​រលោក Luiz Inacio Lula da Silva បាន​បដិសេធ​ការបោះឆ្នោត​ថ្ងៃទី​៧​ខែតុលា​នោះ ការស្ទង់មតិ​ចុងក្រោយ​បំផុត​ពី​វិទ្យាស្ថាន Ibope បានដាក់​លោក Bolsonaro ជា​អ្នក​នាំមុខ​ជាមួយនឹង​សំឡេង​២២​ភាគរយ​បើ​ធៀប​ទៅនឹង​១២​ភាគរយ​សម្រាប់​អ្នក​បរិស្ថាន Marina Silva និង​អ្នក​ឆ្វេងនិយម Ciro Gomes។​

ការសន្យា​មួយ​ក្នុង​យុទ្ធនាការ​របស់គាត់​គឺ​ធ្វើ​ឲ្យ​ស្របច្បាប់​នូវ​ការ​កាន់​អាវុធ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ដែល​កំពុង​កើនឡើង​។​

បើទោះបី​គាត់​ជា​សមាជិកសភា​បម្រើការ​ងារ​យូរអង្វែង​ក៏ដោយ លោក Bolsonaro បានបង្ហាញ​ខ្លួនឯង​ថា​ជា​អ្នក​ខាងក្រៅ​ដែល​មិន​ប៉ះពាល់​ដោយ​រឿងអាស្រូវ​ពុករលួយ​ដែល​វាយប្រហារ​ដល់​ឥស្សរជន​នយោបាយ​ជាច្រើន​នាក់​ឡើយ​។​

ពេលខ្លះ​គាត់​ត្រូវបាន​គេ​ហៅថា​ជា Donald Trump ប្រេ​ស៊ី​ល​។ លោក Bolsonaro មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ធំ​មួយ​ដែលមាន​អ្នក follow ចំនួន​៨.៥​លាន​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu