Ad Code

ICC និយាយថា ខ្លួន​អាច​កាត់ទោស​មី​យ៉ាន់​ម៉ា​ដោយសារ​ការ​និរទេស​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា



តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​មាន​សិទ្ធិ​ដើម្បី​ស៊ើបអង្កេត​លើ​ការ​និរទេស​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ទាំង​បង្ខំ​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​

មនុស្ស​ប្រមាណ​៧​សែន​នាក់​មកពី​ជនជាតិភាគតិច​ឥស្លាម​គ្មាន​រដ្ឋ​មួយ​នេះ​បាន​ភៀសខ្លួន​ចេញពី​រដ្ឋ រ៉ា​ក់​ឃី​ន ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​នៅ​ជិតខាង​ចាប់តាំងពី​ខែសីហា​ឆ្នាំមុន​មក​ដើម្បី​គេច​ពី​ការបង្ក្រាប​បង្ហូរឈាមរ​បស់​យោធា​។​

សាលាក្តី​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​មួយ​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អង្គជំនុំជម្រះ​របស់ ICC បានសម្រេច​ដោយ​សំឡេង​ភាគច្រើន​ថា តុលាការ​អាចអនុវត្ត​យុត្តាធិការ​លើ​ការ​និរទេស​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស​។​

យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់លោក Adilur Rahman Khan អនុប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ឲ្យ​ដឹងថា សេចក្តីសម្រេច​នេះ​បានផ្តល់​ក្តី​សង្ឃឹមថា​នឹងមាន​យុត្តិធម៌​សម្រាប់​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​បន្ត​រងគ្រោះ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ជា​លទ្ធផល​នៃ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​។​

រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​សេចក្តីប្រកាស​នេះ​នៅពេល​ត្រូវបាន​ទាក់ទង​ដោយ AFP ។​

សេចក្តីសម្រេច​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​អន្តរជាតិ​និង​ការកាត់ទោស​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​និង​មេបញ្ជាការ​យោធា​កំពូល​ចំនួន​ប្រាំ​នាក់​ផ្សេងទៀត​សម្រាប់​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​យ៉ាងតិច​៦,៧០០​នាក់​ត្រូវបាន​សម្លាប់​នៅ​ចន្លោះ​ខែសីហា​ដល់​ខែកញ្ញា​ឆ្នាំមុន​ក្នុងការ​បង្ក្រាប​របស់​ក​ង​ទ័ព​ដែល​អង្គការសហប្រជាជាតិ​ហៅថា “​ការ​បោសសម្អាត​ជនជាតិភាគតិច​ដែល​អាច​បង្ក​ទៅជា​អំពើ​ប្រល័យពូជសាសន៍​”​។​

គួរ​បញ្ជាក់ថា សេចក្តីសម្រេច​របស់​តុលាការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការដាក់​ពន្ធនាគារ​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ចំនួន​ពីរ​នាក់​រយៈពេល​៧​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ពីបទ​រំលោភច្បាប់​សម្ងាត់​របស់​រដ្ឋ​មី​យ៉ាន់​ម៉ា​ខណៈពេល​រាយការណ៍​អំពី​ការសម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu