Ad Code

កម្ពុជា​ប្រកាស​ស្វាគមន៍​លទ្ធផល​កិច្ចប្រជុំ​កំពូល​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ និង​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​បន្ត​ធ្វើ​កិច្ច​សន្ទនា នាំទៅដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ



ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ ដែល​ទទួល​បាន​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃទី​១៨-២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​។



តាម​ក្រសួងការបរទេស​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្វាគមន៍​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ ជា​ប្រវត្តិសាស្ត្រ និង​ជោគជ័យ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុងយ៉ាង ជាពិសេស​សេចក្តី​ប្រកាស​រួម​ទីក្រុង​ព្យុងយ៉ាង ដែល​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយទៀត ឆ្ពោះ​ទៅ​រ​ក​ការផ្សះផ្សា​ជាតិ
​សន្តិភាព​យូរអង្វែង កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​វិបុលភាព​រួម​នៅ​ឧបទ្វីប​កូរ៉េ​។



ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​ទាំងស្រុង​ដល់​ការ​បន្ត​ធ្វើ​កិច្ច​សន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា ដែល​នឹង​នាំ​ទៅ​ដល់​ការសម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង សន្តិភាព អចិន្ត្រៃយ៍ និង​ការ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ឡើងវិញ​ដោយ​សន្តិវិធី​”​។

គួររំលឹកថា ជំនួប​កំពូល​លើក​ទី​៣ រយៈពេល​២​ថ្ងៃ​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង​មូ​ន ចៃ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក្នុង​ទីក្រុង​ព្យុងយ៉ាង បាន​បិទ​បញ្ចប់​ហើយ ជា​លទ្ធផល​ដែល​ទទួលបាន​នៅក្នុង​ជំនួប​នោះ លោក​មូ​ន ចៃ​អ៊ី​ន និង​លោក គីម ជុង​អ៊ុន បាន​សាទរ​យ៉ាងខ្លាំង​លើ​លទ្ធផល​ដែល​ទទួល​បាន ព្រមទាំង​ចាត់ទុកថា ជា​ការ​បោះជំហាន​ចូលក្នុង​សករាជ​សន្តិភាព និង​ភាព​រុងរឿង​នៅ​ឧបទ្វីប​កូរ៉េ​។ តែ​អ្វី​ជា​ការ​កត់សម្គាល់ លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ បាន​កើតឡើង​ចំ​ពេល​ដែល​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ស្តីពី​ការរំសាយ​នុយក្លេអ៊ែរ​ហាក់​កំពុង​ជាប់គាំង​។



នៅក្នុង​សន្និសីទកាសែត​រួមគ្នា ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​អះអាង​ថា កូរ៉េខាងជើង​បាន​យល់ព្រម​បិទទ្វារ​ជា​អចិន្ត្រៃយ៍​លើ​ទីតាំង Tongchang-ri ដែលជា​កន្លែង​សាកល្បង​គ្រាប់​មី​ស៊ី​ល និង​សុខចិត្ត​ឲ្យ​មាន​វត្តមាន​ឃ្លាំមើល​ពី​ក្រុម​អធិការ​អន្តរជាតិ​នៅក្នុង​ពិធី​រៀបចំ​បិទទ្វារ ហើយ​កូរ៉េខាងជើង ក៏បាន​ត្រៀមខ្លួន​បិទទ្វារ​ជា​ស្ថាពរ លើ​ទីតាំង Yongbyon ដែលជា​កន្លែង​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ផងដែរ​។

ទោះជា​យ៉ាងណា ការសន្យា​របស់លោក គីម ជុង​អ៊ុន ត្រូវបាន​គេ​មើលឃើញថា​ ជា​ការ​ប្តេជ្ញា​ចិត្ត​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​កូរ៉េខាងជើង​នៅក្នុង​សំណុំរឿង​រំសាយ​នុយក្លេអ៊ែរ ហើយ​ក្រៅពី​សំណុំរឿង​នុយក្លេអ៊ែរ​នេះ បងប្អូន​កូ​រ៉ែ​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ពិសេស​ក្នុង​វិស័យ​យោធា​ក្នុង​គោលដៅ​កាត់បន្ថយ​ហានិភ័យ​នៃ​ការប្រឈមមុខគ្នា និង​ការផ្ទុះ​សង្គ្រាម​ជាយថាហេតុ​នៅក្នុង​ឧបទ្វីប​កូរ៉េ​។



​នៅក្នុង​វិស័យ​ផ្សេងទៀត លោក មូ​ន ចៃ​អ៊ី​ន និង​លោក គីម ជុង​អ៊ុន ចង់​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​តំបន់​ទេសចរណ៍​ភ្នំ Kumgang របស់​កូរ៉េខាងជើង បង្កើន​ជំនួយ​មនុស្សធម៌ រៀបចំ​ឲ្យ​បាន​ញឹកញាប់​នូវ​ការ​ជួបជុំ​គ្រួសារ​កូរ៉េ ដែល​ព្រាត់ប្រាស​ក្រោយ​សង្គ្រាម ត​ភ្ជាប់​បណ្តាញ​ផ្លូវ​រថភ្លើង និង​ផ្លូវថ្នល់​រវាង​គ្នា​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៨ ហើយ​លោក គីម ជុង​អ៊ុន ក៏បាន​សន្យា​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​វិញ នាពេល​ឆាប់ៗ​ខាងមុខ​។

ដោយឡែក​ក្រៅពី​បញ្ហា​ខាងលើ​នេះ កូរ៉េ​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា​បើក​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​មួយ​នៅ​ទីក្រុង Kaesong របស់​ប្រទេស​កូរ៉េខាងជើង​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Cho Myoung-gyon រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​។ លោក​បាន​និយាយ​នៅក្នុង​ពិធី​មួយ​ថា “​ជំពូក​ថ្មី​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​បាន​បើក​នៅ​ទី​នេះ​នៅ​ថ្ងៃ​នេះ​។ ការិយាល័យ​ទំនាក់ទំនង​នេះ គឺជា​និមិត្តរូប​មួយទៀត​នៃ​សន្តិភាព​ដែល​បង្កើត​រួមគ្នា​ដោយ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​”​។

លោក Cho Myoung-gyon បញ្ជាក់ថា អគារ​នេះ​រួមមាន​ការិយាល័យ​ដាច់ដោយឡែក​ពីគ្នា​រវាង​កូរ៉េខាងជើង និង​ខាងត្បូង និង​បន្ទប់​សន្និសីទ​រួម​មួយ ហើយ​ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការដោះដូរ​ឆ្លងកាត់​ព្រំដែន បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ភូមិ Panmunjom រវាង​លោក មូ​ន និង​លោក គីម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu