ភ្នំពេញ ៖ គ្រាន់តែឮឈ្មោះភ្លាមមហាជនគ្រប់មជ្ឈដ្ឋានទាំងចាស់ ឬក្មេងពិតជាបានស្គាល់យ៉ាងច្បាស់ចំពោះតារាចម្រៀង ដែលជាប់ងារជាតារាកំពូលទើសលោក ម៉ៃ សុគន្ធ ខណៈដែលកន្លងមកតារាប្រុសរូបនេះ តែងបញ្ចេញទស្សនៈរិះគន់លើអ្នកសិល្បៈដូចគ្នាគ្មានប្រណីដៃឡើយ។ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនស្រឡាំងកាំងក្នុងចិត្តនោះ គឺស្របពេល ដែលតារាប្រុស-ស្រីរបស់ខ្មែរពីររូប ត្រូវបានការលើកសរសើរពីលោក ម៉ៃ សុគន្ធ។
ចំពោះតារាប្រុស-ស្រីរបស់ខ្មែរពីររូប ត្រូវបានលោក ម៉ៃ សុគន្ធ សរសើរនោះ មហាជនច្បាស់ជាស្គាល់ហើយគឺតារាសម្ដែងស្រីវ័យជ្រេកូន៣អ្នកនាង ស៊ិន ឧត្តមផល្លា និងតារាចម្រៀងភ្នែកតឹងរបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ។
ការលើកសរសើរនេះ ត្រូវបានលោក ម៉ៃ សុគន្ធ មើលឃើញពីរបៀបនៃការថែរក្សារូបសម្ផស្សឲ្យនៅក្មេងជាងវ័យរបស់តារាទាំងពីរដួងនេះ។
តារាចម្រៀងលោក ម៉ៃ សុគន្ធ បានលើកឡើងថា និយាយចេញពីអារម្មណ៍ពិត តារាជើងចាស់ទាំងពីរដួងនេះ ស៊ិន ឧត្តមផល្លា និង ណុប បាយ៉ារិទ្ធ គឺពិតជាពូកកែក្នុងការថែសម្ផស្សនៅតែក្មេង ហើយការនិយាយនេះពុំមែនជាការបញ្ជោរទេគឺចេញពីចិត្តពិតតែម្តង។ ជាមួយគ្នានៃការលើកសរសើរពីរឿងថែរក្សាសម្ផស្សនោះដែរ លោក ម៉ៃ សុគន្ធ ក៏លើកឡើងចំពោះការគាំទ្រតារាប្រុស-ស្រីទាំង២រូបខាងលើនេះផងដែរ។
តាមរយៈការបញ្ចេញមតិលើកសរសើររបស់លោក ម៉ៃ សុគន្ធ លើតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងអ្នកនាង ស៊ិន ឧត្តមផល្លា នេះដែរ ភ្លាមៗនោះ ក៏មានការលើកឡើងថា នេះអាចជារឿងប្រវត្តិសាស្ត្រហើយដែលលោក ម៉ៃ សុគន្ធ ចេញបញ្ចេញឬពោលពាក្យសរសើរតារាដូចគ្នានោះព្រោះកន្លងមកធ្លាប់តែឃើញតារាចម្រៀងប្រុសរូបនេះបញ្ចេញប្រតិកម្មរិះគន់លើអ្នកសិល្បៈដូចគ្នា មិនសំចៃមាត់ពោលគឺមានតារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាគំរូរួចមកហើយដែលលោក ម៉ៃ សុគន្ធ រិះគន់មិនលស់ពេលសោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments