ភ្នំពេញ ៖ ម្ចាស់លុយជនជាតិជប៉ុន របស់ ក្រុមហ៊ុន (Pacific Opportunities Holdings S.a.r.l) បាន អំពាវនាវ អោយ លោក ទេព រិទ្ធី វិទ្ធ អតីតប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន POH ចូលខ្លួន ដោះស្រាយរឿងលួចលក់ ក្រុមហ៊ុន ប្រសិនបើនៅតែរឹងទទឹងមិនចូលខ្លួនទេ គាត់នឹងមានវិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការយល់យោគទៀតឡើយ។
ប្រភពព័ត៌មាន បានឱ្យដឹង ថា អតីតប្រធានក្រុមប្រឹក្សាភិបាលរូបនេះឈ្មោះទេព រិទ្ធី វិទ្ធ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ១ ផ្លូវលេខ២ បុរីសាន់វ៉េ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបាន ម្ចាស់លុយ ជនជាតិជប៉ុន ប្តឹង ទៅតុលាការ រឿង លោក ទេព រិទ្ធី វិទ្ធ លក់ក្រុមហ៊ុនទៅអោយអ្នកដទៃ។ ទង្វើ របស់ ឈ្មោះទេព រិទ្ធី វិទ្ធ បានកំពុង ធ្វើឲ្យ អ្នកវិនិយោគបរទេស កុំពុងព្រួយបារម្ភ យ៉ាងខ្លាំង ពីការដាក់វិនិយោគទុននៅកម្ពុជា។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ដើមចមនៃការប្តឹងនេះបានកើតឡើងដោយសារ ថៅកែជនជាតិជប៉ុន បាន ឲ្យ លោកទេព រិទ្ធី វិទ្ធ ឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលមានភាគហ៊ុនមួយរយភាគរយនៃក្រុមហ៊ុនPOH (Pacific Opportunities Holdings S.a.r.l) ដោយទទួលប្រាក់ខែចំនួន៧០០០ដុល្លារអាមេរិកក្នុងមួយខែនិងក្រោយមកក្រុមហ៊ុនក៏បានដំឡើងប្រាក់ខែបន្ថែមឱ្យលោកទេព រិទ្ធិវិទ្ធ ចំនួន១២០០០ដុល្លារអាមេរិកក្នុងមួយខែពោលគឺបានន័យថាលោកទេព រិទ្ធិវិទ្ធ គឺជាមនុស្សដែលក្រុមហ៊ុន ទុកចិត្ត និង បានជួលមកអោយធ្វើការដោយមានភ្ជាប់នឹងកិច្ចសន្យាច្បាស់លាស់ ប៉ុណ្ណោះ ពោលគឺលោក មិនមានសិទ្ធិលក់ភាគហ៊ុននេះបានទេ។
ប្រភពដដែលបានអះអាងថា បន្ទាប់ពីគ្រប់គ្រងនិងឈរឈ្មោះឱ្យក្រុមហ៊ុនPOH អស់រយៈពេលជិត៣ឆ្នាំ លោកទេព រិទ្ធិវិទ្ធ បាន សហការ ជាមួយ បុគ្គលនិងក្រុមហ៊ុនបរទេសមួយចំនួនទៀតដែលមានបំណងបំផ្លាញក្រុមហ៊ុនPOH បានរៀបចំល្បិចតាម រូប ភាពជូនដំណឹងតាមរយៈអ៊ីម៉ែលដោយខ្លួនឯងផ្ទាល់ និងដោយមេធាវី ទៅក្រុមហ៊ុន ថា គាត់ឈ្មោះទេព រិទ្ធិវិទ្ធ មិនមានភាគហ៊ុនអ្វីទាំងអស់នៅក្នុងក្រុមហ៊ុន POH ក្រុមហ៊ុន Cougar Pacific Pte Ltd. និងក្រុមហ៊ុន Kuga Reflorestamento Ltda នោះទេ គឺគាត់គ្រាន់តែជាអ្នកជួយឈរឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលប៉ុណ្ណោះ។ ក្រោយពី លោកទេព រិទ្ធិវិទ្ធ បានសុំលាលែងចេញពីក្រុមហ៊ុនទាំងអស់ដែលពាក់ព័ន្ធជាមួយគាត់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ និងយល់ព្រមឱ្យ រកអ្នកតំណាងថ្មីជំនួសគាត់ដើម្បីទទួលយកភាគហ៊ុនមួយរយភាគរយពីក្រុមហ៊ុនPOH ។
ប៉ុន្តែពេល កំពុងដំណើរការបញ្ជូនឈ្មោះអ្នកតំណាងថ្មី ឱ្យមកកាន់កាប់ក្រុមហ៊ុនPOH ជំនួសលោកទេព រិទ្ធិវិទ្ធ នៅមិនទាន់បញ្ចប់ការផ្ទេរភាគហ៊ុននៅឡើយផង ស្រាប់តែនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោកទេព រិទ្ធិវិទ្ធ បានលួចលក់ភាគហ៊ុនមួយរយភាគរយនៃក្រុមហ៊ុនPOH ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនពីរទៀតគឺក្រុមហ៊ុន Cougar Pacific Pte Ltd. និង Kuga Reflorestamento Ltda ទៅឱ្យក្រុមហ៊ុន Saronic Holdings Ltd ដែល ម្ចាស់ដើម មិនបានដឹងអ្វីទាំងអស់ទង្វើទាំងអស់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនPOH និង ក្រុមហ៊ុនផ្សេងៗទៀត។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីរឿង លួចលក់ភាគហ៊ុនកើតឡើង ថៅកែបានព្យាយាម អញ្ជើញ លោកទេព រិទ្ធិវិទ្ធ ដែលបានលួចលក់ភាគហ៊ុនមួយរយភាគរយនៃក្រុមហ៊ុនPOH ឲ្យចូលខ្លួនមកដោះស្រាយ ប៉ុន្តែ ជននោះពុំបានចូល ខ្លួនមកដោះជាស្រាយជាមួយថៅកែ ជប៉ុន ឡើយ។ ប្រភពពីតុលាការបានឲ្យដឹងថា ករណីរឿងលួចលក់ ក្រុមហ៊ុននេះ តុលាការ ក៏បាន ចោទប្រកាន់ រួចហើយ លើ អតីតប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន POH ពីបទ រំលោភ ទំនុកចិត្ត ដោយអភិបាល និង បទ លួច លក់ភាគហ៊ុនក្រុមហ៊ុន។
តាមប្រភពមួយបានបង្ហើបឱ្យដឹងថា ការលក់ដូរក្រុមហ៊ុននេះបង្កប់នូវភាពអាថ៌កំបាំងជាច្រើនជាប់ពាក់ព័ន្ធជាមួយបុគ្គល និងក្រុមហ៊ុនបរទេសមួយចំនួនទៀតដែលទាមទារឱ្យតុលាការត្រូវបើកការស៊ើបអង្កេតយ៉ាងម៉ត់ចត់ជាទីបំផុត ព្រោះលោកទេព រិទ្ធីវិទ្ធ បានទំនាក់ទំនងជាមួយប្រធានក្រុមហ៊ុន J.trust Co.Ltdមានទីតាំងនៅប្រទេសជប៉ុនអស់រយៈពេលបីទៅបួនឆ្នាំហើយ។ ទើប លួចលក់ភាគហ៊ុនមួយរយភាគរយរបស់ក្រុមហ៊ុនPOH ទៅឱ្យក្រុមហ៊ុនកូនជឹងរបស់ខ្លួនឈ្មោះSaronic។
ប្រភពក្រៅ ផ្លូវការ បានដឹងថា នាពេលកន្លងមកនេះ មានក្រុមហ៊ុនមួយចំនួន បានប្តឹងក្រុមហ៊ុន J.trust Co.Ltd នៅតុលាការប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង សិង្ហបុរី ដោយសារ ក្រុមហ៊ុន J.trust Co.Ltd លេបយកក្រុមហ៊ុនអ្នកដទៃ តាមរយៈ ការប្រើប្រាស់បក្ខពួក និង ក្រុមហ៊ុនកូនជឹងរបស់ខ្លួន។ ចំណែក តុលាការនៅទីក្រុងហុងកុង ធ្លាប់អះអាងថា ការទិញភាគហ៊ុននេះ មានភាពអាថ៌កំបាំង ដោយសារតែក្រុមហ៊ុនSaronic Holding Ltd ទើបតែដំណើរការថ្មីៗសោះ ហេតុអ្វី ហ៊ានទិញភាគហ៊ុនដទៃភ្លាមៗ ដោយពុំបានសិក្សាស្រាវជ្រាវឱ្យប្រវត្តិក្រុមហ៊ុននោះសោះ ពោលគឺ អាចសបញ្ជាក់ឱ្យឃើញថា ពិតជាមានការឃុបឃិត រៀបចំដោយក្រុមហ៊ុនJ.trust Co.Ltdជាមុនមែន។
រីឯក្រុមហ៊ុនSaronic Holding Ltd ទៀតសោតបានដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានបុគ្គលតែម្នាក់គត់ជាប្រធានផង និងជាបុគ្គលិកផង ស្រាប់តែនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ពោលគឺមានរយៈពេលទើបតែ២សប្ដាហ៍ប៉ុណ្ណោះ ចេញមុខមកទិញយកភាគហ៊ុនមួយរយភាគរយពីលោកទេព រិទ្ធីវិទ្ធ ទៅវិញ។
ប្រភពដដែលបានអះអាងថា លោកទេព រិទ្ធីវិទ្ធ ត្រូវតែចូលមកសារភាពការពិត និងធ្វើការដោះស្រាយជាមួយក្រុមហ៊ុននៅចំពោះមុខតុលាការប្រសើរជាងជ្រើសរើសយកការគេចវេសម្តងហើយម្តងទៀតនាំឱ្យមានទុក្ខទោសដល់ខ្លួន។ ជុំវិញករណីនេះមិនអាចសុំការពន្យល់ និងបំភ្លឺ ពី តំណាងក្រុមហ៊ុនពាក់ព័ន្ធបានទេ៕
Source: Kampuchea Thmey Daily
0 Comments