អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ និង គង់ សំបូរ ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃនិងបារាំង លើសង្វៀនGanzberg Top Fighter នាយប់ថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ ត្រូវគេផ្គូឲ្យជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Super Chhai។ ពួកគេទាំងពីរ នឹងប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម។
Super Chhai គេធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកហើយកន្លងមក ហើយអ្នកប្រដាល់ថៃរូបនេះ គេធ្លាប់ឈ្នះបានខ្សែក្រវាត់ពីស្រុកខ្មែរមួយ ព្រមទាំងធ្លាប់ជួបប្រកួតជាមួយជើងខ្លាំងល្បីៗរបស់កម្ពុជា ដូចជារឿង សោភ័ណ្ឌ ឡុង សុភី ពេជ្រ សីហា អ៊ុំ ចំរើន មឿន សុខហ៊ុច និងពៅ សក្តិសិទ្ធ ជាដើម...។ អ្នកប្រដាល់ថៃរូបនេះ ខ្ពស់ ដៃជើងវែង ហើយថែមទាំងវាយមានផ្លែល្អថែមទៀត។
អ្នកប្រដាល់ថៃរូបនេះ បើប្រៀបជាមួយ ឯម ឡេងលី គឺមិនដឹងថា ឡេងលី អាចយកឈ្នះបានឬអត់នោះទេ ព្រោះថា Super Chhai នេះគេល្អនិងរឹងមាំណាស់ ។ Super Chhai មកប្រកួតនៅស្រុកខ្មែរច្រើនលើកជាងគេ គឺប្រមាណជិត២០លើក ដោយវាយឈ្នះ១២ លើក ស្មើ១លើក និងចាញ់៥លើក។ Super Chhai មានប្រវត្តិប្រកួត១៣១លើក ឈ្នះ១១២លើក ចាញ់១៧លើក និងស្មើ០២លើក ។
ប៉ុន្តែយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មកជួបឯម ឡេងលី ហាក់ដូចជារាងយ៉ាប់ស៊ីបន្តិច ព្រោះថា ឡេងលី ថ្វីត្បិតតែមានប្រវត្តិប្រកួតត្រឹមតែ៤១លើក ឈ្នះ៣២លើក ចាញ់០៨លើកនិងស្មើ០១លើកក្តី តែគេមានស្នៀតប្រដាល់ល្អ។
ឯម ឡេងលី យ៉ាងណាក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើនរណាឈ្នះ រវាងឯមឡេងលី និង Super Chhai នេះ ? ។ ឡេងលី គេប្រកួតចុងក្រោយ បានវាយឈ្នះជើងខ្លាំងថៃKhun Krongthapដោយពិន្ទុ កាលពីថ្ងៃទី១៦កញ្ញាកន្លងទៅនេះ។
ចំពោះ គង់ សំបូរ អ្នកប្រដាល់ជើងខ្លាំង ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ត្រូវគេផ្គូអោយជួបសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់បារាំង ណាចីប ឌីជែលឡូដី (Najib D’jeloudi ) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
Najib D’jeloudi គេជាអ្នកប្រដាល់ហ្វឹកហាត់នៅស្រុកថៃ គេមិនធ្លាប់មកប្រកួតនៅភ្នំពេញទេកន្លងមក។ បើតាមលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEA-TVអោយដឹងថា អ្នកប្រដាល់បារាំងរូបនេះ មានប្រវត្តិប្រកួតចំនួន៣៥លើក ឈ្នះ២៣លើក ចាញ់១២លើក និង មិនដែលស្មើ ។
គង់ សំបូរ ជាជើងខ្លាំងស្រករក្រោយរបស់កម្ពុជា គេធ្លាប់ប្រកួតជាមួយថៃច្រើននាក់ ហើយ ។ សំបូរ គេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេមានកណ្តាប់ដៃល្អ ជើងទាត់ក៏ខ្លាំង ហើយវាយចេញចូលរហ័ស ហើយស្នៀត ជង្គង់ កែង ក៏ល្អថែមទៀត។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា គង់ សំបូរ ជួបសំណាងល្អ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់barAg Najib D’jeloudi នេះឡើយ ? ចាំមើល គង់ សំបូរ អាចយកឈ្នះ Najib D’jeloudi បានឬអត់ សម្រាប់ជំនួបលើកទី១នេះ ? ។ គង់ សំបូរ មានប្រវត្តិប្រកួតចំនួន៦៥លើក ឈ្នះ៥៤លើក ចាញ់១១លើក មិនដែលស្មើ ។គេប្រកួតចុងក្រោយនេះ គេបានវាយឈ្នះចេង គា ក្លិបពន្លឺវិបុលមានរិទ្ធដោយពិន្ទុ។
សូមបញ្ជាក់ថា គង់ សំបូរ បានបាត់មុខពីសង្វៀនជិតមួយឆ្នាំនោះ ពេលនេះគេបាវិលត្រឡប់មកប្រកួតវិញហើយ ដោយប្រកួតអោយក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបព្រោះគេបានទៅនៅនិងហ្វឹកហាត់នៅទីនោះ៕
Source: Kampuchea Thmey Daily
0 Comments