ជាក់សែ្តង កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន ៥២នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
លោក ជា ខេមា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌខណ្ឌព្រែកព្នៅ លោកនិងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀតបានដឹកនាំកម្លាំងចម្រុះសរុបចំនួន ៥២នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ២០នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ១២នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ១០នាក់ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង១៩ និង៣០នាទី រហូតវេលាម៉ោង២០ និង៣០នាទី ទើបត្រូវបានបញ្ចប់។
ជាលទ្ធផល ត្រួតពិនិត្យរថយន្តឆ្លងកាត់ចំនួន ២៧គ្រឿង ម៉ូតូឆ្លងកាត់ ៣៥គ្រឿង អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន បទល្មើសគ្រឿងញៀន គ្មាន។
លោក អភិបាលរងខណ្ឌព្រែកព្នៅ ប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ក្នុងរដូវបិណ្ឌភ្ជុំនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ៕
Source: Kampuchea Thmey Daily
0 Comments