ភ្នំពេញ ៖ បន្ទាប់ពីមានការប្រកាសបង្ហាញការខកចិត្ត និងទទូចសុំឲ្យបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកផ្តល់ឱកាសដល់ក្រុមកំប្លែងរបស់ខ្លួនឡើងវិញ ក្រោយពេលផ្អាកអស់រយៈពេលជាច្រើនខែមកនោះ ទីបំផុតក្រុមកំប្លែងរបស់នាយ កុយ ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយគឺប៉ុស្តិ៍CTNបើកផ្លូវ និងផ្តល់ឱកាសឲ្យឡើងកំប្លែងជាថ្មី។
ដំណឹងដ៏រីករាយនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះទស្សនិកជន ដែលតែងនិយមគាំទ្ររាល់សកម្មភាពកំប្លែងរបស់ក្រុមនាយ កុយ ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលខណៈដែលប្រធានក្រុមដ៏មានប្រជាប្រិយភាពនិងទទួលបានការគាំទ្រជាច្រើនឆ្នាំគឺនាយ កុយ បានធ្វើការប្រកាសតាមរយៈការLiveវីដេអូជូនដំណឹងដល់សមាជិកក្រុមរបស់ខ្លួនក៏ដូចមហាជនឲ្យដឹងជាសាធារណៈកាលពីថ្មីៗមកនេះ។
យោងតាមការរៀបរាប់របស់តារាកំប្លែងនាយ កុយ បានបញ្ជាក់ថា នាយពិតជាមានការសប្បាយចិត្តខ្លាំងណាស់ដែលក្រុមកំប្លែងរបស់ខ្លួនមានឱកាសបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ជាថ្មីក្រោយពេលស្ថានីយទូរទស្សន៍ក្នុងស្រុកនានាបានសម្រេចផ្អាក មិនឲ្យមានការលេងកំប្លែងមានរយៈពេលជាច្រើនខែកន្លងមកនោះ។ នាយ កុយ ក៏បានចាត់ទុកថានេះគឺជាដំណឹងដ៏ល្អសម្រាប់ក្រុមរបស់នាយរួមទាំងប្រជាពលរដ្ឋដែលគាំទ្រ និងចង់ឲ្យនាយបន្តអាជីពកំប្លែងនៅលើកញ្ចក់ទូរទស្សន៍។
នាយ កុយ បាននិយាយទៀតថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមរបស់នាយនឹងបង្ហាញវត្តមានកំប្លែងឡើងវិញនៅក្នុងកម្មវិធី មន្តស្នេហ៍សំនៀង របស់ស្ថានីយទូរទស្សន៍CTN ។ដូច្នេះនាយសង្ឃឹមថា ទស្សនិកជននៅតែបន្តការចូលរួមគាំទ្រនិងចូលរួមលើស្ទួយវិស័យកំប្លែងបន្ថែមទៀត។
ជាមួយគ្នានៃការលើកឡើងនេះដែរតារាកំប្លែងនាយ កុយ ក៏បានប្រកាសអំពាវនាវផ្តល់ដំណឹងដល់កូនក្រុមរបស់នាយគឺនាយ ឃ្មឹប ឲ្យធ្វើការទំនាក់ទំនងមកដើម្បីចូលរួមកំប្លែងជាមួយក្រុមជាថ្មីឡើងវិញផងដែរ ខណៈនាយមិនអាចស្វែងរកការទំនាក់ទំនងបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments