អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា គ្រាន់តែក្នុងមួយខែនេះ អំពើហឹង្សានៅភាគពាយព្យប្រទេសស៊ីរីបានផ្លាស់ទីលំនៅមនុស្សជាង៣០,០០០នាក់ហើយបានព្រមានថា ការវាយប្រហារដែលជិតកើតមានគឺអាចបង្កើតឲ្យមាន “មហន្តរាយមនុស្សធម៌អាក្រក់បំផុត”។
ខេត្ត Idlib និងតំបន់ជនបទជាប់គ្នាដែលបង្កើតបានជាបំណែកធំបំផុតនៃដែនដីគឺនៅតែកាន់កាប់ដោយពួកឧទ្ទាម។
លោកប្រធានាធិបតី Bashar al-Assad ឥឡូវនេះបានផ្តោតការយកចិត្តទុកដាក់របស់គាត់ទៅលើខេត្ត Idlib ហើយកងកម្លាំងរបស់គាត់បានបង្កើនការទម្លាក់គ្រាប់បែកលើខេត្តដែលមានប្រជាជនច្រើនមួយនេះចាប់តាំងពីដើមខែនេះមក។
ភ្នាក់ងារសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយកាលពីថ្ងៃចន្ទថា ការធ្វើបែបនេះបានជំរុញឲ្យមនុស្សប្រមាណ៣០,៤៥២នាក់ត្រូវផ្លាស់ទីលំនៅនៅក្នុងខេត្ត Idlib និងផ្នែកខ្លះនៃខេត្ត Hama ដែលនៅជាប់នោះនៅចន្លោះថ្ងៃទី១ដល់ថ្ងៃទី៩ខែកញ្ញា។
អ្នកនាំពាក្យ OCHA លោក David Swanson បានប្រាប់ AFP ថា “យើងព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះដែលបណ្តាលឲ្យមានការជម្លៀសមនុស្សជាង៣០,០០០នាក់នៅក្នុងតំបន់នេះ”។
មនុស្សជាច្រើនបានធ្វើដំណើរទៅព្រំដែនភាគខាងជើងរបស់ប្រទេសស៊ីរីជាប់ប្រទេសទួរគីហើយអ្នកខ្លះស្វែងរកការជ្រកកោននៅក្នុងជំរំជម្លៀសនិងអ្នកផ្សេងទៀតកំពុងរស់នៅជាមួយក្រុមគ្រួសារក្នុងស្រុកឬជួលអាផាតមិន។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP ម្នាក់នៅខេត្ត Idlib បានមើលឃើញក្រុមគ្រួសារផ្លាស់ទីលំនៅរាប់សិបគ្រួសារកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីគេចពីការទម្លាក់គ្រាប់បែកនៅកន្លែងផ្សេង។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រហែល៨០០,០០០នាក់អាចត្រូវផ្លាស់ទីលំនៅដោយសារការវាយប្រហាររបស់របបទៅលើខេត្ត Idlib និងនៅតំបន់ជុំវិញ។
អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ទាហានរដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ីនិងអ៊ីរ៉ង់បានប្រមូលផ្ដុំគ្នានៅជុំវិញបរិវេណខេត្ត Idlib ដោយបានបើកការវាយប្រហារពីអាកាស ការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកធុងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments