ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ដែលជាថ្ងៃទីពីរនៃការស្នាក់នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី ៦ ដែលដឹកនាំដោយសម្តេចផ្ទាល់នឹងបន្តជំរុញលើកទឹកចិត្តនិងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ។
កិច្ចសន្ទនានោះ ក៏មានការអញ្ជើញចូលរួមពីលោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ,លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុនវិនិយោគទុនធំៗចំនួន ៦ របស់ប្រទេសចិនដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជានិងអ្នកសារព័ត៌មានជាតិអន្តរជាតិជាច្រើនរូប។
នៅក្នុងពិធីនោះ តំណាងក្រុមហ៊ុនវិនិយោគចិនបានធ្វើបទបង្ហាញពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិននិមួយៗក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិនិយោគថាមពល វារីអគ្គិសនីការកសាងស្ពាន ថ្នល់ ធនាគារ អចលនទ្រព្យ និង ការវិនិយោគលើវិស័យសំខាន់ជាច្រើនទៀត ក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី ៦ ដែលដឹកនាំដោយសម្តេចផ្ទាល់នឹងបន្តជំរុញលើកទឹកចិត្ត និង ផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នកវិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិនដែលមានវត្តមាននៅទីនេះនិង ដែលមានគម្រោងទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។ ជាមួយនឹងការលើកឡើងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូនអ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើដល់រដ្ឋាភិបាលចិនក្នុងការផ្តល់កម្ចីសម្បទានដល់កាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនិង បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិនតាមរយៈផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស។ សម្តេចតេជោបានផ្តល់ជំនឿទុកចិត្តដល់បណ្តាក្រុមហ៊ុនចិនទាំងអស់ សូមកុំឲ្យមានការភ័យខ្លាចទៅលើការលប់កុងត្រាចាស់ណាមួយពីសំណាក់រាជរដ្ឋាភិបាលថ្មី ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេច សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាមានស្ថិរភាពនយោបាយដែលជាកត្តាកំណត់ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក។ នៅឆ្នាំ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថាកំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង៧% នៅឆ្នាំ ២០១៨ នេះ។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានាឲ្យបាននូវស្ថិរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សង្គមធានាបាននូវបរិយាកាសធុរកិច្ចនិងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេសជាពិសេសវិនិយោគិនពីប្រទេសចិន។ ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារ តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។ សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់រយៈពេលបីឆ្នាំកន្លងទៅនេះដោយបានកើនឡើងពីប្រមាណ៩០០ លានដុល្លារ នៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារ នៅឆ្នាំ ២០១៧ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៨ នេះបានកើនដល់២,៨ ប៊ីលានដុល្លារ។ អ្នកទេសចរចិនទៅទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣ លាននាក់ ហើយមានក្រុមហ៊ុនអាកាសចរណ៏ចិនចំនួន ១៦ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរត្រង់ពីចិនមកកម្ពុជា ។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនទំនាក់ទំនងពាណិជ្ជកម្មនិងទេសចរណ៍រវាងប្រទេសទាំងពីរក្រុមហ៊ុនអាកាសចរណ៍ Air China នឹងបើកជើងហោះហើរត្រង់ពីប៉េកាំងមកភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលដូចជាវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពល,ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ វិស័យអាទិភាពនិងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយដោយរង់ចាំការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន។ ជាមួយនឹងបរិបទតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់រាជរដ្ឋាភិបាលតែងតែបុរេសកម្មក្នុងការកែទម្រង់,ការរៀបចំនិងការដាក់ចេញនូវផែនការ,គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយវិនិយោគ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន, ជាពិសេសធ្វើយ៉ាងណាជំរុញអោយភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីចិនជួយផ្សព្វផ្សាយអំពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា និងជួយជំរុញឲ្យវិនិយោគិនដទៃៗទៀតមកវិនិយោគនៅប្រទេសកម្ពុជាយើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន តែងមានចុះហត្ថលេខាលើគម្រោងវិនិយោគ និង អនុស្សរណៈយោគយល់គ្នាជាច្រើនរវាងវិនិយោគទុនចិននិងពាណិជ្ជកម្មកម្ពុជា។ ជាក់ស្តែងនៅក្នុងនៅក្នុងវេទិកាធុរកិច្ចនិងទេសចរណ៍កម្ពុជាដែលត្រូវរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ២០១៨ នៅមជ្ឈមណ្ឌលពីព័រណ៍និងសន្និសីទទីក្រុងណានីងនឹងមានការចុះហត្ថលេខាលើគម្រោងវិនិយោគនិងអនុស្សរណៈយោគយល់គ្នាចំនួន១២ រវាងវិនិយោគិននិងសហគ្រិនកម្ពុជា។
ថ្លែងនៅក្នុងវេទិកាតុមូលនៃកិច្ចសន្ទនាជាមួយនិងនាយកប្រតិបត្តិក្រុមហ៊ុនចិន លោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្មអន្តរជាតិចិន មានប្រសាសន៍ថា ក្រោយមានកិច្ចសន្ទនាប្រកបដោយភាពកក់ក្តៅជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី សហគ្រាសចិនបានទទួលនូវព័ត៌មានថ្មីៗ ដែលនឹងនាំមកនូវការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគទុនចិនក្នុងការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។
ដោយឡែកនៅក្នុងសុន្ទរកថារបស់លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី មានប្រសាសន៍ថា ប្រជាជនជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិនបានចាត់ទុកសម្តេចតេជោ គឺ ជាមិត្តចាស់និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន និងបានចាត់ទុកជាថ្នាក់ដឹកនាំមួយរូប ដែលទទួលស្គាល់គ្រួសារទាំងអស់ក្នុងប្រទេសចិន។ លោកក៏បានចាត់ទុកសម្តេចតេជោគឺជាមេដឹកនាំអាស៊ានមួយរូបដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៍ចិន-អាស៊ាននិងវេទិកាធុរកិច្ចចិនអាស៊ានច្រើនជាងគេនៅទីក្រុងណាននីង ពិសេសទៅទៀតនោះ សម្តេចមានលក្ខណពិសេសសម្រាប់តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។ លោកអភិបាលមានប្រសាសន៍បន្តថា កិច្ចសន្ទនាតុមូលនៅពេលនេះនឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ចិន-កម្ពុជា សម្រាប់កិច្ចសន្ទនាដើម្បីអភិវឌ្ឍរួមគ្នា ហើយតាមរយៈការរៀបចំកិច្ចសន្ទនាតុមូលនេះនឹងជំរុញទំហំនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ។ ប្រទេសចិននិងប្រទេសកម្ពុជាគឺជាអ្នកជិតខាងល្អដែលមានមិត្តភាពប្រពៃណីជាយូរលង់ណាស់មកហើយ ក្នុងនោះ ក្វាងស៊ីចាត់ទុកជាច្រកមួយសម្រាប់កិច្ចសហប្រតិបត្តិការ និងបើកចំហរចំពោះអាស៊ានពិសេសមានកិច្ចសហប្រតិបត្តិការល្អជាមួយនិងប្រទេសកម្ពុជា ពោលគឺមានគុណសម្បត្តិពិសេសលើកិច្ចសហប្រតិបត្តិការមិត្តភាព ចិន-កម្ពុជា លើការជម្រុញនិងការសាងសង់ខ្សែក្រវាត់មួយ និងផ្លូវមួយ និងការអភិវឌ្ឍពាណិជ្ជកម្មតំបន់សេរី ចិន-កម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments