ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលទើបចេញពន្ធនាគារនោះ បានស្នើឲ្យក្រសួងមហាផ្ទៃផ្អាកសកម្មភាពគណបក្សអំណាចខ្មែរជាបណ្តោះអាសន្ន ដោយសំអាងថា មានការបន្លំស្នាមេដៃរបស់លោក នេះបើយោងតាមលិខិត ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
លោក សួន សេរីរដ្ឋា បានលើកឡើងនៅលើលិខិតរបស់ខ្លួនថា ក្នុងឋានៈជាប្រធានស្ថាបនិក និងជាប្រធានគណបក្សអំណាចខ្មែរ លោកមិនដែលបានចុះហត្ថលេខាលើលិខិតលាលែងពីប្រធានគណបក្សទេ តែលោកបានចុះហត្ថលេខាលើលិខិតតែងតាំងលោក សួង សុភ័ណ្ឌ ជាប្រធានស្តីទី ដើម្បីដឹកនាំប្រចាំថ្ងៃតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា “លោក សួង សុភ័ណ្ឌ បានបន្លំហត្ថលេខារបស់ខ្ញុំ ធ្វើលិខិតលាលែងក្លែងក្លាយ កុហកសមាជិក ស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ (អចិន្ត្រៃយ៍) សមាជិកក្រុមប្រឹក្សាតំណាងរាជធានី/ខេត្ត និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ព្រមទាំងបន្លំឯកសារដាក់ជូនក្រសួងមហាផ្ទៃ ធ្វើសមាជវិសាមញ្ញចំនួន២លើក ដើម្បីគ្រប់គ្រង់គណបក្សអំណាចខ្មែរ។ មិនតែប៉ុណ្ណោះ លោក សួង សុភ័ណ្ឌ បានតែងតាំងអនុប្រធានគណបក្សចំនួន២រូប ជំនួសអនុប្រធានគណបក្ស ដែលនៅក្នុងតំណែង ប្តូររូបសញ្ញាគណបក្ស និងធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈគណបក្ស ទាំងរំលោភបំពានច្បាប់លក្ខន្តិកៈជាដើម”។
ទាក់ទងបញ្ហានេះ លោក សួង សុភ័ណ្ឌ ដែលជាប្រធានគណបក្សអំណាចខ្មែរបច្ចុប្បន្នបានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ថា លោកជាប្រធានគណបក្ស ដែលទទួលស្គាល់ដោយសមាជ ហើយការចោទនេះ បើលោក សួន សេរីដ្ឋា មានឯកសារភស្តុតាងពិតប្រាកដ ដែលថា លោកបានក្លែងឯកសារនោះ លោកនឹងចុះចេញពីប្រធានគណបក្សភ្លាម។ លោកបន្តថា ការដែលលោក សួន សេរីដ្ឋា ចង់មកអង្គុយជាប្រធានវិញនេះ “ខ្ញុំយល់ថា គាត់ឡប់សតិ” ក្រោយចេញពីពន្ធនាគារ។ ពីព្រោះឯកសារ លាលែងរបស់គាត់ គឺគាត់ធ្វើដោយខ្លួនឯង លោកមិនបានដឹងទេ ហើយបើនិយាយពីផ្លូវច្បាប់ លោក សួន សេរីដ្ឋា បានជាប់ពន្ធនាគារទាក់ទងបទល្មើសព្រហ្មទណ្ឌ ហើយក្រោយមកក្រសួងមហាផ្ទៃបានបង្ខំឲ្យគណបក្សរៀបចំក្បាលម៉ាស៊ីន ដោយទុកពេល១៥ថ្ងៃ បើរៀបចំមិនទាន់ទេ នឹងរំលាយចោល។ ដូច្នេះគណបក្សបានសម្រេចធ្វើសមាជនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
តាមលោក សួង សុភ័ណ្ឌ ការលាលែងរបស់លោក សួន សេរីដ្ឋា បើនិយាយពីលក្ខខណ្ឌច្បាប់ អ្នកដែលមានទោសព្រហ្មទណ្ឌ ឬទណ្ឌិត មិនអាចធ្វើប្រធានគណបក្សបានទេ។ លោកបញ្ជាក់យ៉ាងនេះថា “កុំថាឡើយសិទ្ធិជាអ្នកនយោបាយ សិទ្ធិក្នុងនាមជាពលរដ្ឋក៏ត្រូវរលាយក្សុលដែរ សិទ្ធិត្រូវបានដកហូតដោយច្បាប់ កុំថាឡើយសិទ្ធិក្នុងនយោបាយ សូម្បីតែសិទ្ធិជាពលរដ្ឋ ក៏ត្រូវបានដកហូតដែរ”។ ជាមួយគ្នានោះ លោក សួន សេរីដ្ឋា ក៏ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មានដែរថា លោកបានលាលែងពីគណបក្សហើយ អត់មានអ្វីទាក់ទងទៀតទេ។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានដោះលែងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីមានព្រះរាជសារលើកលែងទោស។ លោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង៕
Source: Kampuchea Thmey Daily
0 Comments