ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានការសោកស្តាយជាអនេកចំពោះការបាត់បង់ឥស្សរជនមនុស្សធម៌ដ៏ឆ្នើមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បីត រីចច្នឺ (Prof. Dr. Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាពីជំងឺដង្កាត់ផ្សេងៗ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា « តាងនាមឲ្យថ្នាក់ដឹកនាំ បុគ្គលិក-មន្ត្រីសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណភាព និង ការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ»។
លោកសាស្ត្រាចារ្យបានបន្តថា ២៥ឆ្នាំកន្លងទៅនេះ លោកសាស្ត្រាចារ្យ បីច រីចច្នឺ បានបង្កើតស្នាដៃមនុស្សធម៌ដ៏ធំធេងនៅក្នុងប្រវត្តិនៃការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក គឺការបង្កើត ពង្រីក និងអភិវឌ្ឍមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញនិងនៅទីរួមខេត្តសៀមរាប។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ បីត រីចច្នឺ បានបង្ហាត់បង្ហាញដឹកនាំការពិនិត្យព្យាបាលជំងឺកុមារនៅកម្ពុជា ទោះជាស្ថិតនៅក្នុងដំណើរដ៏លំបាកលំបិនក៏ដោយ ក៏ លោកមិនបានរួញរាឡើយ ថែមទាំងបានលះបង់ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី តំរិះវេជ្ជសាស្ត្រ និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ ព្រមទាំងស្វែងរកនិងប្រមូលវិភាគទានសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជាដោយកម្លាំងផ្ទាល់ខ្លួនដោយមិនមានការនឿយហត់ ដើម្បីសុខភាពកុមារកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ទង្វើខាងលើរបស់លោកសាស្ត្រាចារ្យ បីត រីចច្នឺ គឺពិតជាគំរូវីរភាពដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ ហើយតាមរយៈស្នាដៃរបស់ឯកឧត្តម កុមារកម្ពុជាជាច្រើននាក់ទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយសមិទ្ធផលដែលបានកើតចេញពីស្នាដៃដ៏វិសេសវិសាលនៅលើទឹកដីកម្ពុជានេះ ពិតជាបានបន្សល់ទុកឲ្យជាផលប្រយោជន៍ សម្រាប់កុមារកម្ពុជាជាបន្ត និងនៅស្ថិតស្ថេរជានិរន្តន៍។ យើងនិងខិតខំបន្តនូវបេសកកម្មមនុស្សធម៌របស់លោកសាស្ត្រាចារ្យ បីត រីចច្នឺ ជាបន្តទៀត ដើម្បីសុខភាពកុមារកម្ពុជា មិនឲ្យសាបសូន្យឡើយ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា «លើសពីនេះ យើងខ្ញុំទាំងអស់គ្នា និងចារិកទុកក្នុងចិត្តនូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ដូចបានរៀបរាប់ខាងលើ និងដើម្បីជាសក្ខីភាពនៃការគោរពនូវវីរភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ នេះ ក្រសួងសុខាភិបាលកម្ពុជា បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណខ័ន្ទឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង០០រសៀល»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវក្តីសោកស្តាយជាខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ហើយយើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណមបួងសួងជូនវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ចំពោះមន្ត្រីរាជការនិងប្រជាពលរដ្ឋកម្ពុជាបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់លោកវេជ្ជបណ្ឌិតប៊ីត រិចឆ្នើ Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ដោយមិនគិតថ្លៃ។
អ្នកស្រី ប៊ូសុភារៈជាប្រជាពលរដ្ឋម្នាក់មកពីខេត្តកំពង់ឆ្នាំងដែលបាននាំយកកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាម្តុំវត្តភ្នំបាននិយាយថា «ខ្ញុំសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិតប៊ីត រិចឆ្នើ ព្រោះលោកបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផាដើម្បីព្យាបាលកុមារកម្ពុជារាប់លាននាក់ដោយមិនគិតថ្លៃ»។
អ្នកស្រីបានបន្តថា លោកវេជ្ជបណ្ឌិតប៊ីត រិចឆ្នើ ជាមនុស្សល្អខ្លាំងដែលបានជួយប្រជាពលរដ្ឋខ្មែរយើងពិសេសជួយដល់កុមាររាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។
ជាមួយគ្នានេះដែរ លោកស្រី ហេង សាវរីយ៍ ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាលមានការរន្ធត់ចិត្តចំពោះដំណឹងមរណភាពរបស់អ្នកមានគុណដែលជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់នេះកន្លងមក។
លោកបណ្ឌិត គិនភា មន្ត្រីជាន់ខ្ពស់រាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ប្រជាជនខ្មែរស្ទើរតែទាំងអស់សុទ្ធបានស្តាយស្រណោះអាឡោះអាល័យចំពោះលោករិចឆ្នើ ហើយបាន ប្រសិទ្ធនាមថាជាគ្រូពេទ្យទេវតា ជាវីរបុរសខ្មែរ ព្រោះលោកបានធ្វើអំពីល្អ និងលះបង់ខ្ពស់ ដើម្បីបុព្វហេតុកុមារខ្មែររាប់លាននាក់។
លោកសាស្ត្រាចរ្យ Beat Richnerជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពកាលពីវេលាម៉ោង២និង៤៥នាទីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៦ដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស្វីស។
គួរបញ្ជាក់ថា លោកសាស្ត្រាចារ្យ Beat Richner មានឈ្មោះល្បីមួយទៀត គឺ Beattocello ដែលជាឈ្មោះសម្រាប់ហៅពេលដែលលោកប្រគំឧបករណ៍ Cello រៃអង្គាសថវិកាដើម្បីឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាដែលបានជួយកុមារកម្ពុជារាប់លានមកហើយ។
បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញពេទ្យកុមារក្នុងឆ្នាំ១៩៧៣ លោក Beat Richner ត្រូវបានកាកបាទក្រហមនៃប្រទេសស្វីស បញ្ជូនមកបំពេញបេសកកម្មសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ដែលជាឆ្នាំដែលខ្មែរក្រហមបានឡើងកាន់អំណាច ហើយលោកត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា។ នៅក្នុងឆ្នាំ១៩៩១ លោកBeat Richner ត្រូវបានស្នើមកជួយដឹកនាំមន្ទីរគន្ធបុប្ផារហូតដល់លោកអាចពង្រីកមន្ទីរពេទ្យបានដល់៥កន្លែងក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាក្នុងពេលបច្ចុប្បន្ននេះ។
លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។
គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស គឺរដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ ក្រៅពីនោះជាការចូលរួម របស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments