កណ្ដាល ៖ ក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំនៅក្រុងតាខ្មៅ ដែលតែងតែបង្កភាពរញ៉េរញ៉ៃ នៅជាប់ប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ត្រូវបានកម្លាំងនគរបាលនៃអធិការក្រុងតាខ្មៅ សហការជាមួយកម្លាំងអធិការស្រុកកណ្តាលស្ទឹង ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានចុះបង្ក្រាបបានមនុស្ស០៤នាក់ រួមនឹងថ្នាំញៀនជិត៣០កញ្ចប់ មានកញ្ចប់តូច កញ្ចប់ធំ រួមនឹងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងម៉ោង១២និង៣០នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ដួង រ៉ាវិត ស្ថិតក្នុងភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន០៤នាក់ ទី០១-ឈ្មោះ ដួង រ៉ាវិត ហៅក្រៅ វិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដស្រុកកំណើត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្ន នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០២ឈ្មោះ ឡេង រ៉ាវី ហៅក្រៅ វី ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ស្រុកកំណើត នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ទី០៣ឈ្មោះ ខៀវ សុខលក្ខ័ ហៅក្រៅ លក្ខ៏ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ស្រុកកំណើត នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ទី០៤ឈ្មោះ ជេត ភក្តី ហៅក្រៅ យ៉ា ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ស្រុកកំណើត នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដោយមានការរាយការណ៍ពីមហាជនល្អ ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យឈ្មោះ ដួង រ៉ាវិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
រកឃើញសារធាតុញៀនម៉ាទឹកកក(ICE)ប្រភេទមេតំហ្វេតាមី ដែលមានចំនួន២៤កញ្ចប់ (១៩កញ្ចប់តូច )(៣កញ្ចប់ធំល្មម )(២កញ្ចប់ធំ) ហើយក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ដួង រ៉ាវិត បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន១៩(កញ្ចប់តូច)នេះពិតជារបស់ខ្លួនមែន រីឯថ្នាំញៀន(៣កញ្ចប់ធំល្មម )(២កញ្ចប់ធំ) មិនមែនជារបស់ខ្លួនទេ គឺរបស់ឈ្មោះ ខ្វាន់ ភេទប្រុស ដែលមានទីលំនៅ នៅចាក់អង្រែរក្រោម។
ចំណែកជនសង្ស័យចំនួនបីនាក់ទៀត ដែលមានឈ្មោះ ឡេង រ៉ាវី ឈ្មោះ ខៀវ សុខលក្ខ័ និង ឈ្មោះ ជេត ភក្តី បានសារភាពថា ខ្លួនពិតជាបានទៅជក់នៅផ្ទះរបស់ឈ្មោះ ដួង រ៉ាវិត ពិតប្រាកដមែន។ ចំពោះជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments