ក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី សមាជិកក្រុមពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League2018 បានបញ្ចប់កម្មវិធីចែកអំណោយសប្បុរសធម៌ដល់ជនរងគ្រោះនៅភូមិមួយក្នុងខេត្តកំពង់ចាម កាលពីពេលថ្មីៗ អំឡុងពេលពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) សម្រាកមួយរយៈ។
ក្លិបបានជូនដំណឹងប្រាប់អ្នកគាំទ្រថា ក្លិបបានផ្ដល់ជាជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ចំនួន២០០គ្រួសារ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី៩ខែកញ្ញា។ សកម្មភាពមនុស្សធម៌នេះគឺកើតឡើងក្រោយក្លិបបញ្ចប់ការធ្វើកម្មវិធីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារជាតិក្នុងរាជធានីភ្នំពេញ។
នេះគោលដៅមួយកម្មវិធីនេះមានឈ្មោះថា «ក្រុមមួយសុខទុក្ខតែមួយ»។ យោងសេចក្តីជូនដំណឹងរបស់ក្លិបបានបញ្ជាក់ថា ក្លិបសូមជូនដំណឹងដល់សប្បុរសជន បណ្ដាក្រុមហ៊ុននានា និងអ្នកគាំទ្រទាំងអស់ដែលមានបំណងចង់ចូលរួមកម្មវិធីសប្បុរសធម៌ជាថវិកាក្ដី ជាសម្ភារៈក្ដី អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧៨ ៣៣៣៧៤៩ / ០៩៧ ៥៤៨៧៧៧៧ រៀងរាល់ម៉ោងធ្វើការ។
ក្រុមបឹងកេត បានរៀបចំសកម្មភាពនេះឡើងគឺស្របពេលដែលពានរង្វាន់លីគកំពូលកម្ពុជា បានសម្រាកមួយរយៈដើម្បីឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រមូលផ្តុំកីឡាករឆ្នើមៗហ្វឹកហាត់និងត្រៀមប្រកួតមិត្តភាពអន្តរជាតិនៅដើមខែកញ្ញា នេះ ក៏ដូចជាក្រុមនេះបានអស់ឱកាសប្រជែងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments