ភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស បានចាប់ដៃគូជាមួយអង្គភាពធានារ៉ាប់រងសុ ខ ភាពហ្វីលីពីនដើម្បីជួយលើកម្ពស់គុណភាពការផ្តល់សេវាថែទាំសុខភាពរបស់មន្ទីរពេទ្យដែលជាដៃគូរបស់ប.ស.សឲ្យកាន់តែល្អប្រសើរថែមទៀត ជូនដល់កម្មករនិយោជិត។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គមមានប្រសាសន៍ថា ការចាប់ដៃគូជាមួយអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីននេះគឺដើម្បីលើកកម្ពស់សេវាថែទាំសុខភាពដល់កម្មករនិយោជិតនិងមន្ត្រីសាធារណៈឲ្យកាន់តែល្អប្រសើរថែមទៀត បើទោះជាបច្ចុប្បន្ននេះ ការផ្តល់សេវារបស់មន្ទីរពេទ្យជាដៃមានលក្ខណៈល្អប្រសើរបានច្រើនហើយក៏ដោយ។
ថ្លែងក្រោយពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង បេឡាជាតិរបបសន្តិ សុខសង្គម និង អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីនកាលពីថ្ងៃទី១០កញ្ញានៅសណ្ឋាគារសាន់វ៉េ លោកបានបន្តថា ទន្ទឹមនឹងការបង្កើនគុណភាពលើការផ្តល់សេវាតាមមន្ទីរពេទ្យប.ស.ស នឹងបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅហ្វីលីពីនផងដែរ លើជំនាញប្រព័ន្ធគ្រប់គ្រប់ និង ធានារ៉ាប់រងសុខភាពបានល្អដើម្បីលើកកម្ពស់សមត្ថភាពឲ្យកាន់តែប្រសើរឡើងថែមទៀតក្នុងការគ្រប់គ្រងប្រព័ន្ធទាំងនេះទៅថ្ងៃអនាគត។
លោកបានបន្ថែមថា ចំណែកខាងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីនក៏ត្រូវរៀនសូត្រពីប.ស.ស.វិញដែរ ទៅលើរបៀបការចុះបញ្ជីកម្មករនិយោជិតបានលឿននិងរបៀបនិយោជកបង់វិភាគទាន១០០%ដល់ប.ស.ស។
លោក រ៉ូបឺត សាវ៉ាឌ័រ សមាជិកក្រុមប្រឹក្សាភិបាលរបស់ អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន បានសន្យាថានឹងផ្តល់បទពិសោធន៍ល្អៗដល់មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមឲ្យកាន់តែមានសមត្ថភាពពេញលេញដើម្បីគ្រប់គ្រងក៏ដូចជាលើកកម្ពស់ការថែទាំសុខភាពមួយប្រកបដោយប្រសិទ្ធភាពខ្ពស់និងមាននិរន្តរភាព។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានធ្វើជាសាក្សីនៅក្នុងពិធីចុះអនុស្សរណៈនាឱកាសនោះបានណែនាំដល់ប.ស.ស និង អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីនត្រូវធ្វើការសហការគ្នាឲ្យបានល្អនិងត្រូវចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកពិសេសពាក់ព័ន្ធនឹងការងារថែទាំសុខភាព ព្រោះថា អង្គភាពនេះមានបទពិសោធន៍ច្រើនក្នុងការផ្តល់នូវសេវាថែទាំសុខភាពដល់ប្រជាជនហ្វីលីពីនក៏ដូចជាអ្នកជំងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារតាមរយៈកម្មវិធីធានារ៉ាប់រងសុខភាពនេះ។
គួរបញ្ជាក់ថា ខ្លឹមសារ នៃអនុស្សរណៈនេះរួមមាន១. កម្មវិធីធានារ៉ាប់រងសុខភាពជាតិ២. ប្រវត្តិ និងទិសដៅយុទ្ធសាស្ត្រនានារបស់ PhilHealth ៣. កម្មវិធីសម្រាប់សមាជិកភាព៤.តាវកាលិក និងសេវារបស់ PhilHealth៥. ការបង្កើតតាវកាលិក និងការទទួលស្គាល់គុណភាពរបស់មូលដ្ឋានសុខាភិបាល៦. ដំណើរការ និងការវាយតម្លៃផ្នែកហិរញ្ញវត្ថុ៧. រចនាសម្ព័ន្ធប្រតិបត្តិការរបស់PhilHealth៨. ការទំនាក់ទំនង និងការគាំទ្រដល់កម្មវិធីធានារ៉ាប់រងសុខភាពជាតិនិង៩. យន្តការឆ្លើយតបរបស់PhilHealth៕
Source: Kampuchea Thmey Daily
0 Comments