អ្នកចាំទីដៃទី១ អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ប្រាក់ មុន្នីភារុណ បានលើកឡើងពីចំណុចខ្លាំងរបស់គូប្រជែង គឺក្រុមក្រសួងការពារជាតិ (ទ័ព) ដែលបង្កើតក្ដីបារម្ភខ្លួន និង មិត្តរួមក្រុមនៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ (Hun Sen Cup 2018) នៅក្នុងខែតុលា ខាងមុខនេះ។
អ្នកចាំទីល្អប្រចាំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៤ រូបនេះបានសង្កត់ធ្ងន់ថា «ជាទូទៅអ្នកចាំទីមានកម្ពស់ខ្ពស់ល្អ អាចការពារសំណាញ់ទីមានប្រសិទ្ធភាពជាងអ្នកទាប ពិសេសការចេញយកបាល់លើពេលមាន Corner, Freekick ឬ បាល់កាត់ពីចំហៀងជាដើម។ តាមខ្ញុំសង្កេត ទ័ពគាត់ចូលចិត្តប្រើយុទ្ធសាស្ត្រ Cross បាល់ពីស្លាបឆ្វេងស្ដាំ ព្រោះមានខ្សែប្រយុទ្ធខ្ពស់ៗដូចជា រ៉ឹង ប៊ុនហៀង និង ភួង សុខសាណា ជាដើម។ ទាំងនេះជាក្ដីបារម្ភរបស់ខ្ញុំ»។
ក្រោយឃើញពីចំណុចខ្លាំងរបស់គូប្រកួត ប្រាក់ មុន្នីភារុណ បានយល់ពីរបៀបដែលត្រូវទប់ស្កាត់ដែរដោយខ្លួននឹងព្យាយាមហ្វឹកហាត់វិធីទប់ស្កាត់ យុទ្ធសាស្ត្រប្រយុទ្ធបែបនេះឲ្យបានល្អ ដើម្បីការពារសំណាញ់ទីជួយក្រុមលើកពានជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ គេបន្ថែមទៀតថា ការប្រមូលអារម្មណ៍ប្រកួតឲ្យល្អ និង យកឈ្នះខ្លួនឯង ក៏ជាផ្នែកមួយជួយទៅរកភាពជោគជ័យផងដែរ។
សូមបញ្ជាក់ថា មុនឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមណាហ្គាវើល ឈ្នះណាហ្គាវើល ៣ទល់១ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ខណៈនៅវគ្គជាមួយគ្នានោះដែរក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ២ទល់០។ ដូច្នេះកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមក្រសួងការពារជាតិ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ ក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនឹងទទួលបានចំណាត់ថ្នាក់៣ស្ទួន៕
Source: Kampuchea Thmey Daily
0 Comments