ក្រោយប្រកាសស្វែងរកកីឡាករយុវជនដែលមានសមត្ថភាពចូលហ្វឹកហាត់ក្នុងឈុតយុវជនក្រោមអាយុ១៧ឆ្នាំ (U17) នៅពេលក្លិបបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)បានចំរាញ់កីឡាករសល់ត្រឹម៣៧នាក់ ដែលជម្រុះចេញពីបេក្ខជនសរុបជាង៣០០នាក់។
កីឡាករដែលនៅសល់ទាំង៣៧នាក់នេះនឹងធ្វើការហ្វឹកហាត់និងប្រកួតសាកល្បងរួមគ្នារយៈពេល១សប្ដាហ៍ពេលដើម្បីជម្រុះទុកតែ២៥នាក់ដែលល្អជាងគេ ហើយអ្នកដែលនៅសល់នេះនឹងជាប់ឈ្មោះជាសមាជិកពេញសិទ្ធិរបស់ក្រុម U17 របស់វិសាខា។ កីឡាករដែលក្លាយខ្លួនជាសមាជិកយុវជនថ្នាលអាយុក្រោម១៧ឆ្នាំវិសាខា នឹងទទួលបានការហូបចុក ស្នាក់នៅ ប្រាក់ឈ្នួលប្រចាំខែ អាហារូបករណ៍សិក្សា និង អត្ថប្រយោជន៍មួយចំនួនបន្ថែមទៀត។
លោក ហុក សុចិត្រា អ្នកចាត់ការក្លិបវិសាខា ប្រាប់ថា ជំហានដំបូងក្លិបបានចំណាយពេល២ថ្ងៃគឺនៅថ្ងៃសៅរ៍ និងអាទិត្យ ថ្មីៗនេះធ្វើតេស្ដសមត្ថភាពបេក្ខជនទាំង៣០០នាក់ ដែលបានដាក់ពាក្យចូលរួម។ ជាលទ្ធផលឃើញថាក្លិបជ្រើសរើសយកបានកីឡាករ៥០នាក់ ប៉ុន្តែក្រោយជម្រុះជំហានទី២ឃើញថា នៅសល់កីឡាករ៣៧នាក់ មុនឈានទៅចម្រាញ់យកតាមផែនការ២៥នាក់។
ក្រៅពីធ្វើតេស្តសមត្ថភាពតាមរយៈការហ្វឹកហាត់ក្លិបបានយកក្រុមកីឡាករដែលរើសបានយកទៅប្រកួតជាមួយក្រុមធំវិសាខា ដើម្បីមើលសមត្ថភាពពួកគេផងដែរ។
ក្រុមវិសាខា បានបង្កើតឡើងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់លោក ស សុខា ។ បច្ចុប្បន្នក្លឹបមានកីឡាករជិត៣០នាក់ ដែលមានលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក។ ក្រុមវិសាខា បានកសាងកីឡដ្ឋានថ្មីផ្ទាល់ខ្លួន ដែលអាចផ្ទុកទស្សនិកជនប្រមាណជាង៥០០០នាក់ ដែលមានទីលានជាស្មៅធម្មជាតិ៕
Source: Kampuchea Thmey Daily
0 Comments