ទឹកជំនន់ដ៏មហន្តរាយបានឡើងកាន់តែខ្លាំងដោយគំរាមកំហែងដល់ការធ្លាយទំនប់ និងការបាក់ដីនៅទូទាំងភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។ ទឹកជំនន់នេះគឺបង្កឡើងដោយព្យុះសង្ឃរាដ៏សាហាវដែលបានបណ្តាលឲ្យមនុស្សជាងដប់នាក់ស្លាប់ និងការខូចខាតគិតជាចំនួនទឹកប្រាក់អស់រាប់ពាន់លានដុល្លារ។
ព្យុះ Florence បានឆ្លងកាត់រដ្ឋ South និង North Carolina ដោយទម្លាក់ទឹកភ្លៀងយ៉ាងច្រើនលើអាងស្តុកទឹកទន្លេដែលហូរហៀររួចទៅហើយខណៈដែលអាជ្ញាធរបានព្រមានថា វាអាចនឹងនាំមកនូវការស្លាប់និងការបំផ្លិចបំផ្លាញកាន់តែច្រើន។
មនុស្សយ៉ាងតិច១៥នាក់បានស្លាប់ចាប់តាំងពីព្យុះ Florence បង្កឲ្យមានការបាក់ដីកាលពីថ្ងៃសុក្រក្នុងនាមជាព្យុះប្រភេទ១នៅជិតឆ្នេរ Wrightsville។ មនុស្ស១០នាក់បានស្លាប់នៅក្នុងរដ្ឋ North Carolina និង៥នាក់នៅរដ្ឋ South Carolina។
លោក Brock Long អ្នកគ្រប់គ្រងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធបានប្រាប់ Fox News ថា “ការបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗនៅពេលព្យុះនេះវាយប្រហារតំបន់ដែលពោរពេញដោយទឹក”។
លោកបានលើកឡើងថា ការព្រួយបារម្ភជាពិសេសគឺហានិភ័យនៃទំនប់ទឹកដែលមានបញ្ហារួចទៅហើយដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិចមួយកាលពីដើមខែនេះ។ លោកបានជំរុញឲ្យប្រជាពលរដ្ឋគោរពតាមការព្រមានជាផ្លូវការ។
លោកបញ្ជាក់ថា “អ្វីដែលយើងត្រូវផ្តោតនាពេលឥឡូវនេះគឺទំនប់ដែលអាចនឹងធ្លាយ”។
លោកបានប្រាប់សារព័ត៌មាន CBS News ថា “ប្រជាពលរដ្ឋមិនស្តាប់តាមការព្រមានហើយចេញទៅក្រៅឬក៏ពួកគេចូលក្នុងទឹកជំនន់ដើម្បីព្យាយាមរត់គេចពីផ្ទះរបស់ពួកគេហើយនោះគឺជាកន្លែងដែលអ្នកចាប់ផ្តើមឃើញមានមនុស្សស្លាប់”។
គួរបញ្ជាក់ថា ស្ត្រីម្នាក់និងកូនតូចរបស់នាងគឺស្ថិតក្នុងចំណោមអ្នកស្លាប់ដំបូងគេដោយសារព្យុះនេះនៅពេលដើមឈើបានបាក់លើផ្ទះរបស់ពួកគេ៕ AFP
Source: Kampuchea Thmey Daily
0 Comments