ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ ដែលមានការងារជាកម្មករលើទូកនេសាទរបស់ថៃ ត្រូវបានស្លាបចក្រកាណូត វ៉ៃអោយរងរបួសស្ទើរស្លាប់ និងមានឈាមហូរឥតស្រាក ខណៈដែលពលកររូបនេះ កំពុងធ្វើការងារនៅលើទូកនេសាទ ហើយបានរអិលជើងធ្លាក់ទៅក្នុងទឹកសមុទ្រ ។
យោងតាមរបាយការណ៍ដែលយើងទទួលបានពីភាគីថៃគឺ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច រយៈទទឹង ១១ អង្សានៃទិសខាងជើង និងរយៈបណ្តោយ ១០១ អង្សា នៃទិសខាងកើត ក្នុងឈូងសមុទ្រថៃ ដែលមានចម្ងាយពីកំពង់ផែ សាត់តាហ៊ីប ប្រមាណ ១០០ ម៉ៃល៍ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។
ជនរងគ្រោះដែលជាពលករខ្មែរ ទៅធ្វើការនៅលើទូកនេសាទថៃ មានឈ្មោះ រស់ សុខជ័យ ភេទប្រុស អាយុ ៣៧ឆ្នាំ ខណៈដែលគេកំពុងធ្វើការនៅលើទូកនេសាទក៏ស្រាប់តែមានការរអិលជើងធ្លាក់ទៅក្នុងទឹកសមុទ្រ ហើយក៏ត្រូវស្លាបចក្រកាណូតវ៉ៃចំដើមដៃស្តាំរយះដល់ឆ្អឹង ព្រមទាំងវ៉ៃត្រូវគល់ កឈាមហូរឥតស្រាកផងដែរ ទើបកំលាំងនៅលើទូកជួយអន្តរាគមន៍នាំយកឡើងមកលើកាណូតវិញ ព្រមទាំងបានរាយការទៅក្រុមអន្តរាគមន៍ឯដីគោកដើម្បីនាំយកជនរងគ្រោះឡើងគោកវិញ ។
នៅល្ងាចថ្ងៃដដែល កាណូតអន្តរាគមន៍ ព្រមទាំងក្រុមគ្រូពេទ្យបាននាំយកជនរងគ្រោះឡើងទៅកាន់ផែ សាត់តាហ៊ីប ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ សម្តេចព្រះនាង សិរិគិត ក្នុងខេត្តឈុនបុរី ៕
Source: Kampuchea Thmey Daily
0 Comments