Ad Code

បង្ក្រាប​សម្បុក​គ្រឿងញៀន​PRO ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ជាង​២០​នាក់ ដោះលែង​ជិត​អស់​ទុក​២​នាក់​បញ្ជូន​ឡើង​តុលាការ​



ភ្នំពេញ​ ៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស ស្រី ជាង​២០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ទីតាំង​ខារ៉ាអូខេ​ឈ្មោះ PRO ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​តាម​ក្លឹប​កំសាន្ត​នាពេល​រាត្រី ។

ថ្នាំញៀន​ប្រភេទ​ខេ​តា​មីន​៣០​គ្រាប់ និង មេតំ​ហ្វេ​តា​មីន​ICE ១៨​កញ្ចប់​តូច ត្រូវបាន​រឹបអូស​នៅ​ក្នុង​សម្បុក​គ្រឿងញៀន​នេះ ។​

ក្នុងចំណោម​មនុស្ស​ទាំង​២០​នាក់ សមត្ថកិច្ច​បានធ្វើ​ការសាកសួរ​រកឃើញថា មាន​២​នាក់ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង ជា​មុខសញ្ញា​ចាស់ ធ្លាប់​ពន្ធនាគារ​២​លើក​មកហើយ ហើយ​ក្នុងនោះ​មាន​ម្នាក់​ជា​ប្អូនថ្លៃ​របស់​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទៀតផង។

ចំណែក​មនុស្ស​ជាង​១០ នាក់​ទៀត​សុទ្ធតែ​បាន​ប្រើប្រាស់​គ្រឿងញៀន និង ប្រើ​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ​តែម្តង នេះ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បន្ទាប់​បាន​ធ្វើ​តេស្ត​ទឹកនោម លើ​មនុស្ស​ទាំង​អស់​នោះ។

ក្រោយពី​ការសាកសួរ​មនុស្ស​ជាង​១០ នាក់​ត្រូវបាន​សមត្ថកិច្ច តម្រូវ​ឲ្យ​សាច់ញាតិ ឬ​ក្រុមគ្រួសារ​ទៅធ្វើ​កិច្ចសន្យា និង ធនាគារ​យក​ទៅ​ផ្ទះ​វិញ តែ​ក៏​មាន​ខ្លះ​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ យក​ទៅ​ធ្វើ​ការអប់រំ មានតែ​២ នាក់​ទេ​ដែល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី។​

ពុំមាន​របាយការណ៍​បង្ហាញ​ពី​ការចាប់ខ្លួន​ម្ចាស់​ក្លឹប​PRO​នេះ​ទេ ទោះបី​អ្នកប្រើប្រាស​គ្រឿងញៀន​ទាំងនោះ​បាន​សារភាព​ថា ​ពួកគេ​បាន​ទិញ​គ្រឿងញៀន​ពី​ម្ចាស់​ក្លឹប និង​ជួល​បន្ទប់​ក្លឹប​ដើម្បី​ជក់​គ្រឿងញៀន ។​

មាន​ក្លឹប​កំសាន្ត​រាត្រី​រាប់រយ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ប្រកប​អាជីវកម្ម​លក់​គ្រឿងញៀន​និង​ជួល​បន្ទប់​អោយ​ពួក​យុវជន​ប្រើ​ប្រាស់​គ្រឿងញៀន​ក្រោមរូបភាព​បិទបាំង​ដោយ​អាជីវកម្ម​ខារាអូខេ​បន្តិចបន្តួច ប៉ុន្តែ​អាជ្ញាធរ​ច្រើន​ឆ្នាំ​មកហើយ​មើលរំលង​វិបត្តិ​សង្គម​ដ៏​គ្រោះថ្នាក់​នេះ ហើយ​យូរៗ​ម្ដង​គេ​ឃើញ​មានការ​បង្ក្រាប​ទ្រង់ទ្រាយ​តូចៗ​ក្នុង​ន័យ​ដើម្បី​ក្រើនរំលឹក​ម្ចាស់​ទីតាំង​ផ្សេងៗ​ទៀត​កុំ​បំភ្លេច​អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយ​សោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu