អាជ្ញាធរម៉ាឡេស៊ីបានកោះហៅជាថ្មីម្តងទៀតឲ្យអតីតនាយករដ្ឋមន្ត្រី Najib Razak និងភរិយារបស់គាត់ Rosmah Mansor មកសាកសួរនៅថ្ងៃពុធក្នុងការស៊ើបអង្កេតទៅលើអំពើពុករលួយដែលទាក់ទងនឹងមូលនិធិរដ្ឋ 1MDB ។
លោក Najib ដែលសម្ព័ន្ធភាពរបស់គាត់ទទួលរងបរាជ័យក្នុងការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែឧសភាគឺត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៣២ករណីរាប់ចាប់ពីការលាងលុយកខ្វក់ដល់ការរំលោភបំពានអំណាចនិងការរំលោភសេចក្តីទុកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរកឲ្យឃើញនូវការបាត់បង់ប្រាក់រាប់ពាន់លានដុល្លារពីមូលនិធិ 1Malaysia Development Berhad (1MDB) ។
បណ្តាញផ្សព្វផ្សាយបានរាយការណ៍ថា លោក Najib អាយុ៦៤ឆ្នាំបានមកដល់អង្គភាពប្រឆាំងការលាងលុយកខ្វក់និងប្រឆាំងភេរវកម្មរបស់ប៉ូលិសដើម្បីផ្តល់សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការស៊ើបអង្កេតអំពីការលាងលុយកខ្វក់។
ចំណែកលោកស្រី Rosmah ត្រូវបានកោះហៅដាច់ដោយឡែកពីគ្នាដើម្បីសាកសួរដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅក្នុងទីក្រុង Putrajaya ដែលនេះជាដំណើរលើកទីពីររបស់លោកស្រីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។
ប្តីប្រពន្ធមួយគូនេះមិនបាននិយាយទៅកាន់អ្នកយកព័ត៌មានទេនៅពេលពួកគេទៅដល់ដើម្បីសាកសួរ។ រ៉យទ័រក៏មិនអាចទាក់ទងអ្នកនាំពាក្យដើម្បីស្វែងរកការអត្ថាធិប្បាយបានដែរ។
កាលពីថ្ងៃពុធ អ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានចំណាយពេលជិត១៣ម៉ោងដើម្បីថតសេចក្តីថ្លែងការណ៍របស់លោកស្រី Rosmah ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេទៅលើ 1MDB ។
ពិភពលោករបស់ប្តីប្រពន្ធមួយគូនេះបានក្រឡាប់ចាក់ចាប់តាំងពីលោក Najib ចាញ់ការបោះឆ្នោតខែឧសភាក្រោមថ្វីដៃលោក Mahathir Mohamad ដែលបានបើកការស៊ើបអង្កេតជាថ្មីលើ 1MDB ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments