ភ្នំពេញ ៖ អាជ្ញាធររាជធានី នឹងធ្វើការកែសម្រួលស្ពានបេតុងអមជាមួយស្ពានបាឡេឆ្លងកាត់ទន្លេសាបខណ្ឌឬស្សីកែវ ដើម្បីបញ្ចៀសអោយបាននូវការកកស្ទះចរាចរណ៍ ខណៈដែលស្ពានបាឡេឆ្លងកាត់ទន្លេសាបនេះ បាននិងកំពុងប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃនោះ។
នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំធ្វើការកែសម្រួលប្លង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទី០៣ តុលា ២០១៨នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងក្រុមហ៊ុនOCIC និងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
មន្ត្រីជំនាញ ក្រុមហ៊ុនOCICបានអោយដឹងថា ក្រោយពីបើកអោយធ្វើចរាចរលើស្ពានបាឡេឆ្លងកាត់ទន្លេសាបខណ្ឌឬស្សីកែវ ឃើញថា ចរាចរនៅលើស្ពានការកកស្ទះចរាចររាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះទើប ក្រុមហ៊ុននិងរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចសិក្សាកែសម្រួលឡើងវិញ ពោលគឺនឹងស្ថាបនាគិតគូរអោយបានគ្រប់ជ្រុងជ្រោយ ដូចការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ដូច្នេះដែរ។
ចំពោះការកែសម្រួលស្ពានបេតុងអមជាមួយស្ពានបាឡេឆ្លងទន្លេសាបឬស្សីកែវលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពទាំងស្រុងហើយ។ ប៉ុន្តែទោះបីជាយ៉ាងក្តី លោកអភិបាលបានជំរុញអោយក្រុមហ៊ុន និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបន្ថែម ចំពោះផលប៉ះពាល់ ក្រោយពីមានការឯកភាពហើយនោះ ការដ្ឋានសាងសង់ស្ពានលើការសម្រួលថ្មីនេះនឹងចាប់ផ្តើមតែម្តង។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងមកនេះ បានអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែ ស្របជាមួយស្ពានបាឡេនេះ។
ចំពោះ ស្ពានបេតុងដែលគ្រោងស្ថាបនា នៅអមជាមួយស្ពានបាឡេនេះ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាប មានសសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បបរមា នៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។
ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ៕
Source: Kampuchea Thmey Daily
0 Comments