វិមាន Elysee បានឲ្យដឹងនៅថ្ងៃពុធថា លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីមហាផ្ទៃដែលនេះជាបញ្ហាប្រឈមចុងក្រោយបង្អស់ចំពោះលោកប្រធានាធិបតីដែលពីមុនបានបដិសេធព្រមអនុញ្ញាតឲ្យសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោកលាឈប់។
លោក Gerard Collomb ដែលត្រូវបានគេមើលឃើញថាជាអ្នកការពារដ៏រឹងមាំបំផុតម្នាក់របស់លោក Macron បានបង្ហាញកាលពីពីរសប្តាហ៍មុនថា លោកមានបំណងលាឈប់នៅឆ្នាំក្រោយប៉ុន្តែលោកបានស្ថិតក្រោមការគាបសង្កត់កាន់តែខ្លាំងឡើងនិងបានស្នើលាឈប់មុនពេលកំណត់នៅថ្ងៃចន្ទ។
នៅក្នុងសេចក្តីប្រកាសមួយកាលពីព្រឹកថ្ងៃពុធ វិមាន Elysee បានបញ្ជាក់ថា លោក Macron បានទទួលយកសំណើលាឈប់ពីលោក Collomb ។
សេចក្តីថ្លែងការណ៍បាននិយាយថា លោកប្រធានាធិបតីបានទទួលយកការលាលែងរបស់លោក Gerard Collomb ហើយបានស្នើសុំឲ្យនាយករដ្ឋមន្ត្រីធ្វើសកម្មភាពជំនួសកន្លែងរបស់គាត់រហូតដល់មានការប្រកាសពីអ្នកស្នងតំណែង។
លោក Collomb ដែលជាអ្នកនយោបាយគីឡូធ្ងន់ធ្លាប់បានប្រកាសថា លោកគ្រោងនឹងឈរឈ្មោះសម្រាប់ការងារចាស់របស់លោកជាអភិបាលក្រុងលីយ៉ុង។
លោកបាននិយាយថា លោកនឹងបន្តធ្វើជារដ្ឋមន្ត្រីរហូតដល់ការបោះឆ្នោតអឺរ៉ុបនៅខែឧសភាប៉ុន្តែបានរងសម្ពាធឲ្យចុះចេញភ្លាមៗខណៈដែលអ្នករិះគន់បានត្អូញត្អែរថា អាទិភាពរបស់លោកបានងាកទៅរកយុទ្ធនាការឃោសនារួចទៅហើយ។
កាលពីថ្ងៃចន្ទ ការិយាល័យរបស់លោក Macron បាននិយាយថា លោកប្រធានាធិបតីបានបដិសេធការប៉ុនប៉ងលាលែងរបស់គាត់ដោយទទូចថា “គាត់មានទំនុកចិត្ត” លើអ្នកនយោបាយវ័យ៧១ឆ្នាំរូបនេះ។ ប៉ុន្តែលោក Collomb កាលពីថ្ងៃអង្គារបាននិយាយថា គាត់នៅតែមានបំណងចុះចេញដែលជាហេតុធ្វើឲ្យនយោបាយរបស់ប្រទេសបារាំងមានភាពច្របូលច្របល់។
លោកនាយករដ្ឋមន្ត្រី Edouard Philippe បានលុបចោលការធ្វើដំណើរមួយទៅប្រទេសអាហ្វ្រិកខាងត្បូងតាមការគ្រោងទុកនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្របន្ទាប់ពីត្រូវបានស្នើសុំឲ្យចូលជំនួសតំណែងនេះ។
គួរបញ្ជាក់ថា ក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសបារាំង, ប្រធានាធិបតីអាចតែងតាំងនិងដករដ្ឋមន្ត្រីចេញលុះត្រាមានការណែនាំពីនាយករដ្ឋមន្ត្រី៕ AFP
Source: Kampuchea Thmey Daily
0 Comments