Ad Code

ទើប​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ ​ត្រូវ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ឡើង​ស្ពាន​មិន​រួច ​រអិល​ថយ​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម



ភ្នំពេញ ៖ យុវ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បា​ក់ឌុក​ថ្មីៗ​ម្នាក់​ ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ដោយសារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​៥​តោន​ដឹក​​ស៊ីម៉ងតិ៍​ឡើងលើ​ស្ពាន​លី​យ៉ុង​ផាត់​មិន​រួច​រលត់​ម៉ា​ស៊ីន ​រអិល​ថយក្រោយ​កិន​ស្លាប់ ​ខណៈ​ម្តាយ​និង​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​នៅ​ពីក្រោយ​រថយន្ត​បង្ក។

ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​១០​នាទី​នៅលើ​ស្ពាន​លី​យ៉ុង​ផាត់​ផ្នែក​ខាងកើត ភូមិ​ព្រែ​កតារ័​ត្ន សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយចង្វារ។

នារី​រងគ្រោះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ស៊ុន​តាំង​ហៀ​ង​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្លែង​ ឃុំ​សំបួរមាស ​ស្រុក​មុខកំពូល ​ខេត្តកណ្តាល។ រីឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ឃ ១៣២២​ភព​៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​ទេ បន្ទាប់ពី​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ។​

បើតាម​ស្ត្រី​ជា​ម្តាយ​របស់​នារី​រងគ្រោះ​បាន ឈ្មោះ រ៉ី អាយុ​៤២​ឆ្នាំ បានឱ្យដឹងថា កូនស្រី​គាត់​ទើបនឹង​ប្រឡង​បាក់​ឌុប​ជាប់​ថ្មីៗ​នេះ ហើយ​មុនពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ឌុប​កូនស្រី​របស់​គាត់​ធ្វើដំណើរ​ចេញពីផ្ទះ​តាមផ្លូវ​លី​យ៉ុង​ផាត់ គោលបំណង​ទៅលេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណៈ​មកដល់​ចំណុច​កើតហេតុ​លើ​ស្ពាន​លី​យ៉ុង​ផាត់ បាន​បន្តិច ស្រាប់តែ​ឃើញ​រថយន្ត​ដឹក​ស៊ីម៉ងត៍​គេច​រថយន្ត​មួយគ្រឿង​ទៀត ​ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច ពេលនោះ​មិនដឹង​យ៉ាងម៉េច​ ស្រាប់តែ​រថយន្ត​បង្ក​រអិល​ថយក្រោយ​រេ​ពេញ ស្ពាន ខណៈ​គាត់​គេច​ទៅ​ឆ្វេង​ រថយន្ត​រេ​មក​ឆ្វេង គាត់​គេច​ទៅ​ស្តាំ​​​រថយន្ត​ថយ​រេ​ទៅ​ស្តាំ គាត់​ក៏​គេច​មក​ឆ្វេង​វិញ។

ម្តាយ​នារី​រងគ្រោះ​បន្តថា ខណៈ​គាត់​គេច​មក​ឆ្វេង​វិញ​ស្រាប់តែ​កូនស្រី​របស់គាត់​លោត​ចុះ​ពីលើ​ម៉ូតូ​ក៏​ត្រូវ​រថយន្ត​បង្ក​ថយ​កិន​ស្លាប់​តែម្តង។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​បង្ក​បន្ទាប់ពី​គេច​រថយន្ត​មួយគ្រឿង​ទៀត​ក៏​រលត់ម៉ាស៊ីន ​ហើយដោយ​សារ​ដឹក​ធ្ងន់​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​រអិល​ថយក្រោយ​កិន​អ្នកជិះ​ម៉ូតូ​ស្លាប់​តែម្តង។ ភ្លាមៗ​សមត្ថកិច្ច​ក៏​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​អ្នកបើក​បរបាន​ផងដែរ។​

បច្ចុប្បន្ន​ជនបង្ក​និង​រថយន្ត​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​ក្រុង​ចាត់ការ​តាមច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu