ពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup តែងតែនាំយកទិដ្ឋភាពជាច្រើនបង្ហាញជូនអ្នកគាំទ្រ ប្រចាំតំបន់ ជាពិសេសកីឡាករបង្ហាញថ្វីជើងល្អជាងគេ ស៊ុតបញ្ចូលទីល្អជាងគេឬក៏កីឡាករមានប្រជាប្រិយភាពជាងគេ ហើយពីមួយសម័យកាលទៅមួយសម័យកាលមិនមានភាពខុសគ្នាប៉ុន្មាននោះទេ។
កកើតឡើងដំបូងក្នុងពានធំជាងគេនៅអាស៊ានមួយនេះខ្សែប្រយុទ្ធ Kurniawan Dwi Yulianto ជាតារារបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់មកក្រោយៗទៀតមក Lionel Lewis ជាកីឡាករនាំមុខរបស់សិង្ហបុរី កាល២០០៤ ហើយកីឡាករថៃ Chnanthip Songkrasin និង ចាន់ វឌ្ឍានាកា របស់កម្ពុជា ជាតារារះរបស់AFF Suzuki Cup ក្នុងសម័យកាលថ្មីៗនេះ ចុះសម្រាប់ឆ្នាំ២០១៨នេះវិញ តើកីឡាករវ័យក្មេងរូបណា បង្កើតការចាប់អារម្មណ៍ក្នុងការប្រកួតពានប្រចាំតំបន់?
ប៉ុន្មានសប្ដាហ៍ទៀតទេ កីឡាកររលកក្រោយនឹងមកអង្រួនបេះដូងអ្នកគាំទ្របាល់ទាត់អាស៊ានហើយ ពាន AFF Suzuki Cup បានរកឃើញកីឡាករ៥នាក់ក្នុងពូលAមុនគេ។ ក្នុងចំណោម៥នាក់ក្នុង ជម្រើសជាតិនៅពូល A របស់ AFF Suzuki Cup រកឃើញ ខ្សែបម្រើជម្រើសជាតិកម្ពុជានិងកីឡាករវ័យក្មេងរបស់ភ្នំពេញក្រោន គឺ អ៊ិន សូដាវីដ អាចលេចធ្លោក្នុងការប្រកួតវគ្គជម្រុះក្នុងពូល។
កីឡាករ អ៊ិន សូដាវីដ របស់កម្ពុជា ជាកីឡាករ១រូបក្នុងចំណោម៥រូបដែលវិបសាយរបស់ AFF Suzuki Cup គិតថានឹងជាកីឡាករដែលនឹងលេចធ្លោនៅឆ្នាំនេះ។ ចំណែកកីឡាករ៤រូបផ្សេងទៀតមានដូចជាDoan Van Hau ជាខ្សែការពារ របស់វៀតណាម ហើយទី២គឺកីឡាករ Akhyar Rashidជាខ្សែប្រយុទ្ធរបស់ប្រទេសម៉ាឡេស៊ី កីឡាករLwin Moe Aung ជាខ្សែបម្រើ ជនជាតិមីយ៉ាន់ម៉ា និងកីឡាករ Bounphachan Boumkong ជាខ្សែបម្រើប្រយុទ្ធស្លាបរបស់ប្រទេសឡាវ។
កីឡាករវ័យក្មេងរូបនោះ ត្រូវបានគេចាត់ទុកថាជាកីឡាកររលកក្រោយរបស់កម្ពុជា ជាយូរមកហើយនោះខ្សែបម្រើវ័យ២០ឆ្នាំមានឈ្មោះក្នុងជម្រើសជាតិ ក្នុងពាន AFF Suzuki Cup ២០១៦ប៉ុន្តែរូបគេបែរជាមិនបានបង្ហាញខ្លួនពេញលេញដោយត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ។ ប៉ុន្តែការអង្គុយកៅអីបម្រុងកាលពី២ឆ្នាំមុនអាចនឹងផ្លាស់ប្ដូរសម្រាប់ខ្សែបម្រើដ៏ជំនាញម្នាក់នេះ។
រូបគេជាផលិតផលរបស់យុវជនថ្នាលក្លឹបភ្នំពេញក្រោនដែលតែងតែបង្ហាញខ្លួនឲ្យក្លឹបរឿយៗអស់២រដូវកាលរួចមកហើយចំណែកជម្រើសជាតិក៏លេងបានប៉ុន្មានប្រកួតផងដែរ។ រូបគេអាចនឹងធ្វើឲ្យទាក់ភ្នែកអ្នកគាំទ្របាល់ទាត់បើបានចូលលេងពេញលេញ។ ភាពប៉ិនប្រសព្វលេងបានគ្រប់កន្លែងក្នុងតំបន់បម្រើឬក៏បម្រើប្រយុទ្ធនៅលើទីលាន សូដាវីដ ជម្រើសដែលល្អសម្រាប់កម្ពុជា ក្នុងការ ជួយលើកបាល់វែង សមត្ថភាពក្នុងការផ្លាស់ប្ដូរការប្រកួត ពិសេសការបញ្ចប់គ្រាប់បាល់ដ៏ខ្លាំងរបស់គេ។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments