សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរមួយនៅស្រុកពួក គឺមកពីអ្នកបើកបរម៉ូតូទាំងសងខាងមានល្បឿនលឿនរួចហើយបត់ឆ្វេងឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្ន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យនិងរងរបួសចំនួន៣នាក់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១៥និង៤០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិយាង ឃុំយាង ស្រុកពួក។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកពួក ដយសារម៉ូតូម៉ាក និច ពណ៌លឿង លាយស គ្មានស្លាកលេខ បើកបរដោយឈ្មោះស៊ីសុវត្ថិ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិគោកចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរ ធ្វើស្រែ បានដឹកឈ្មោះវន់ សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នាបើកបរទិសដៅពីជើងទៅត្បូងបានបុក ជាមួយម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1G-8955 បើកបរដោយឈ្មោះឆេម បឿត ភេទប្រុស អាយុ៥៤ឆ្នាំនៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើស្រែ ដឹកឈ្មោះឡម សាងួន ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធ និងឈ្មោះភាន មករា ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាចៅ បើកបរទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង។
លោកបន្តថា ករណីនេះបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ឈ្មោះឡម សាងួន ពេលបញ្ជូនទៅមណ្ឌលសុខភាពយាង របួសធ្ងន់មនុស្សម្នាក់ឈ្មោះស៊ី សុវត្ថ បញ្ជូនទៅមន្ទីរពេទ្យខេត្តរបួសស្រាល មនុស្ស៣នាក់១/ឈ្មោះឆេម បឿត ២/ឈ្មាះវន់ សុវណ្ណ ៣/ឈ្មោះភានមករា។
លោកបន្ថែមថា ខូចខាតម៉ូតូ ២គ្រឿង ស្រាល។ មូលហេតុ អ្នកបើកម៉ូតូម៉ាកនិចបើកបរក្នុងល្បឿនលឿន។ ឯអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងបានកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments