Ad Code

ក្រុម​អាស៊ី​អឺរ៉ុប ពេញ​ចិត្តនឹង​លទ្ធផល​រួម​នៅ​ឆ្នាំ​២០១៨ តែ​នឹង​ប្រឹង​បន្ថែមទៀត​នៅ​រដូវ​កាល​ឆ្នាំ២០១៩​ខាងមុខ



ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 មិនបាន​ដណ្តើម​បាន​ពានរង្វាន់​ណាមួយ​នៅក្នុង​ឆ្នាំ​២០១៨ នោះ​ទេ តែ​លោក សុក វាសនា គ្រូបង្វឹក​របស់​ក្រុម​ដែល​សាកលវិទ្យាល័យ​នៅ​ពី​ក្រោយខ្នង​មួយ​នេះ ពេញ​ចិត្តនឹង​លទ្ធផល​រួម​របស់​កូនក្រុម ហើយ​សន្យាថា​នឹង​បន្ត​ប្រឹង​ថែមទៀត​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។



​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC B Licesen រូប​នេះ​បាន​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ​ផ្ទាល់ខ្លួន ខ្ញុំ​ពេញចិត្ត​(​អ្វី​ដែល​ក្លិប​សម្រេច​បាន​ឆ្នាំនេះ​)​។ តែ​នៅ​ឆ្នាំក្រោយ យើង​នឹង​បង្កើន​សមត្ថភាព​ដើម្បី​យក​ពិន្ទុ​ឲ្យបាន​ច្រើនជាង​នេះ និង​ចំណាត់ថ្នាក់​ប្រសើរ​ជាង​នេះ​ទៀត​។ រដូវ​កាល​នេះ ការ​ប្រជែង​ចំណាត់ថ្នាក់​លេខ​៥​មក​លេខ​៩ មាន​ភាព​ខ្លាំងក្លា កៀក​កិត​មែនទែន​។ នេះ​ជា​ការ​លំបាក​មួយ​របស់​ក្រុម តែ​វា​ជា​មោទនភាព​ដែរ​សម្រាប់​ខ្ញុំ​ផ្ទាល់​ដែល​បាន​មក​ដឹកនាំ​២​រដូវ​កាល​មកនេះ​»​។



លោក​បាន​បន្ត​ថា «​រដូវ​កាល​មុន ទោះបី​មិន​ជោគជ័យ តែ​យើង​រកបាន​ពិន្ទុ​ច្រើនជាង​កាល​គ្រូ​មុនៗ​ដឹកនាំ ហើយ​រដូវ​កាល​នេះ យើង​កើន​ពិន្ទុ​សឹងតែ​ទ្វេដង​។ អីចឹង​វា​ជា​មោទនភាព​។ តែ​យើង​នៅ​មាន​គោលដៅ​បន្ទាប់​ទៀត​ដែល​ត្រូវធ្វើ​។ ប្រធាន​ក្លិប​សប្បាយ​ចិត្តខ្លាំង​ចំពោះ​អ្វីដែល​យើង​សម្រេច​បាន​។ បើ​និយាយ​ពី​ប្រាក់ខែ​វិញ ក្លិប​អាស៊ី​អឺរ៉ុប​សឹងតែ​តិចជាង​វេ​ស្ទើ​ន​ផង តែ​ឆន្ទៈ​របស់​កីឡាករ​ពិតជា​ធំធេង​។ សង្ឃឹមថា​ឆ្នាំក្រោយ​យើង​នឹង​ល្អ​ដូច​ឆ្នាំ​នេះដែរ​»​។

បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ជាតិ​ក្រោយ​ចាញ់​ក្រុមជើង​ឯក​ ក្រសួងការពារជាតិ​ដោយ​លទ្ធផល​ទាំង២ជើង​ ១០ទល់២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu