Ad Code

អ្នកចាំទី ស៊ូ យ៉ាទី សោកស្ដាយ​ជា​ខ្លាំង​ដែល​របួស​របស់​ខ្លួន​ធ្វើ​ឲ្យ​របូត​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ



អ្នក​ចាំទី​ដៃ​ស្អិត ស៊ូ យ៉ាទី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលទើបជួយក្រុមណាហ្គាវើល ឈ្នះ​ជើង​ឯកពានរង្វាន់លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៨ កំពុង​តែ​មាន​បញ្ហា​របួស​ប្រេះ​ឆ្អឹង​ដៃ​ខាងឆ្វេង ហើយ​របួស​នេះ​គំរាមកំហែង​ដល់កៅ​អី​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដែលកំពុងតែត្រៀមប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់ AFF Suzuki Cup 2018 ចុងឆ្នាំនេះ។

កីឡាករ​រូបនេះ​បាន​លើក​ឡើង​ថា «ដៃខ្ញុំប្រេះឆ្អឹង ហើយ​ពេទ្យគេថាអាចសម្រាក​១ខែ ទៅ​១​ខែ​កន្លះ ទើប​អាច​ចូល​ហ្វឹកហាត់​បាន។ របួសនេះ អាចប៉ះពាល់ដល់ទម្រង់លេងរបស់ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​សម្រាក​យូរ ​ហើយ​របួស​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​កៅអី​ក្នុង​ក្រុម​ជម្រើស​ជាតិ​។ ខ្ញុំមានការសោកស្ដាយ ព្រោះ​ខ្ញុំ​មាន​បញ្ហា​របួស​អញ្ចឹង។ ខ្ញុំក៏មិនចង់ដែរ ចឹងខ្ញុំមិនអាចចូលរួមបានទេ»។ កីឡាករ ស៊ូ យ៉ាទី ទើបតែ​ជា​ពី​របួស​រហែក​សាច់ដុំក្រោយធ្វើដំណើរទៅដល់ណាហ្គាវើល កាលពីខែកក្កដា កន្លងទៅ។

និយាយពី ស៊ូ យ៉ាទី រូបគេបានចាប់អាជីពជាអ្នកចាំទីដំបូងជាមួយក្រុមបៀលប្រាយ នៅ​ឆ្នាំ​២០១៦​ដល់​២០០៧ ខណៈនៅឆ្នាំ២០០៩ ដល់២០១៣ រូបគេចូលរួមជាមួយក្រុម​ក្រសួង​ការពារ​ជាតិ និង​ពីឆ្នាំ​២០១៣ ដល់២០១៥ គេ​ផ្លាស់​ទៅ​ក្រុម​ភ្នំពេញ​ក្រោន និង​ពីឆ្នាំ​២០១៥ ដល់បច្ចុប្បន្ន ចូលរួម​ជា​មួយ​បឹង​កេត។ ចាប់ពីឆ្នាំ២០១២ ដល់​បច្ចុប្បន្ន​រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពីឈុត U22 ដល់​ឈុត​ធំ​ផង​ដែរ។

មុន​មាន​ការវិវត្តន៍​អាជីព​របស់​ខ្លួន​ពី​ក្លិបមួយទៅក្លិបមួយ ស៊ូ យ៉ាទី ធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ ជាមួយក្រសួងការពារជាតិ ហើយនៅឆ្នាំ២០១៤ ឈ្នះ​ជើងឯក​ពាន​រង្វាន់​លីគ​កំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ខណៈនៅឆ្នាំ២០១៦និង២០១៧ ឈ្នះជើងឯកលីគកំពូលកម្ពុជា ជាមួយបឹងកេតម្តង។ នៅឆ្នាំ២០១៥ គេធ្លាប់ឈ្នះជើងឯករងពានរង្វាន់ 2015 Mekong Club Championship ជាមួយបឹងកេត ក្រោយចាញ់ក្រុមថៃ Buriram United ១ទល់០។

ចំណែកពានរង្វាន់ឯកត្តជនវិញគេធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមានលីគកំពូលកម្ពុជាឆ្នាំ២០១៤ និង២០១៧ ផងដែរ ខណៈក្នុងពាន 2015 Mekong Club Championship ឈ្នះស្រោមដៃ​មាស​ដូច​គ្នា

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu