Ad Code

បារាំង​ចោទប្រកាន់​អ៊ីរ៉ង់​អំពី​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​ទីក្រុង បារី​ស​



ប្រទេស​បារាំង​បាន​ចោទប្រកាន់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់​ថា ស្ថិតនៅ​ពីក្រោយ​ផែនការ​បំផ្ទុះ​គ្រាប់បែក​លើ​ក្រុមប្រឆាំង​ដែល​និរទេស​ខ្លួន​មួយ​នៅ​ខាងក្រៅ​រដ្ឋធានី​នៃ​ប្រទេស​បារាំង​ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉ារីស​និង​ក្រុង​តេ​រ៉ង់​មាន​ភាពស្មុគស្មាញ​រួចទៅហើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ផែនការ​នេះ​ត្រូវបាន​រារាំង​។​

រដ្ឋាភិបាល​បារាំង​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​គេ​សង្ស័យថា​ជា​ជន​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់​ចំនួន​ពីរ​នាក់​ក៏ដូចជា​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដែលជា​កម្មសិទ្ធិ​របស់​ក្រសួង​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​អ៊ីរ៉ង់​ផងដែរ​។​

ការសម្រេច​របស់​បារាំង​ក្នុងការ​ចាត់វិធានការ​សងសឹក​និង​ចោទប្រកាន់​ជា​សាធារណៈ​នេះ​បាន​ធ្វើឡើង​រយៈពេល​បី​ខែ​បន្ទាប់ពី​មានការ​សង្ស័យ​អំពី​ផែនការ​បំផ្ទុះ​គ្រាប់បែក​នៅឯ​ការជួបជុំ​មួយ​របស់​អង្គការ People's Mujahedeen of Iran (MEK) នៅ​ជាយក្រុង​ប៉ារីស​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ​ថា “​ទង្វើ​ដ៏​ធ្ងន់ធ្ងរ​នៅលើ​ទឹកដី​របស់​យើង​នេះ​គឺ​មិនអាច​ធ្វើឡើង​ដោយ​គ្មាន​ការឆ្លើយតប​បានទេ​។ ក្នុងការ​សម្រេចចិត្ត​នេះ បារាំង​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេ​វរ​កម្ម​នៅក្នុង​ទម្រង់​ទាំងអស់​ជាពិសេស​នៅលើ​ទឹកដី​របស់ខ្លួន​”​។​

ប្រភព​ការទូត​របស់​បារាំង​មួយ​បាន​ប្រាប់ AFP ថា កងកម្លាំង​សន្តិសុខ​បាន​សន្និដ្ឋានថា “​ប្រធាន​ប្រតិបត្តិការ​នៅ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់​គឺ​បាន​បញ្ជា​ឲ្យ​ធ្វើ​វា​”​។​

យ៉ាងណាក្តី ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ភ្លាមៗ​នូវ​ការពាក់ព័ន្ធ​ណាមួយ​ដូចដែល​កាលពី​ខែកក្កដា​នៅពេលដែល MEK បាន​ចោទប្រកាន់ថា ខ្លួន​ជា​អ្នកទទួលខុសត្រូវ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Bahram Ghasemi បាន​ប្រាប់ AFP ក្នុង​បទសម្ភាសន៍​មួយ​ថា ក្រុង​តេ​រ៉ង់​សូម​ច្រានចោល​ពាក្យបណ្តឹង​របស់​បារាំង​ទាំងស្រុង​និង​ម៉ឺងម៉ាត់​ប៉ុន្តែ​បាន​និយាយថា ទ្វារ​សម្រាប់​កិច្ចពិភាក្សា​នៅតែ​បើកចំហ​។​

ព័ត៌មាន​អំពី​ផែនការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​លេចឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​អ៊ីរ៉ង់​រាប់ពាន់នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅឯ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​មួយ​ខាងក្រៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​៣០​ខែមិថុនា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu