Ad Code

ក្រុម​បឹងកេត ចុះ​កិច្ចសន្យា​យក​អ្នកចាំទី​៤ ដែល​ជា​សមាជិក​មកពី​សាលា​បាល់ទាត់​ជាតិ



ក្លិប​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បឹងកេត​អែហ្វស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ ទី​២ ​ខែតុលា​ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​ថា ក្លិប​បាន​ចុះ​កិច្ចសន្យា​ជាមួយ​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ហ៊ុល គឹម​ហ៊ុយ ដែល​ធ្លាប់​បណ្តុះបណ្តាល​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី និង​ផ្ដល់​អាវ​លេខ​១​ដែល​ទំនេរ បន្ទាប់ពី​ការចាកចេញ​របស់ ស៊ូ យ៉ា​ទី ទៅ​ណាហ្គា​វើ​លដ៍ ក្នុង​ជើង​ទី​២​កន្លងទៅ​។

កីឡាករ​យុវជន គឹម​ហ៊ុយ បាន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ ក្នុង​និទ្ទេស E និង​ផុត​កិច្ចសន្យា​ហើយ​ចាក​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី ទើប​រូបគេ​បាន​ផ្លាស់​ទ្រនំ​មកកាន់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី នេះ​តែម្តង​។ យុវជន​ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ បាន​ជាប់​ជា​យុវជន​ថ្នាល​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ឆ្នាំ​២០១៤​។ គឹម​ហ៊ុយ ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ព្រមទាំង​ធ្លាប់​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ក្នុង​ពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ​២០១៨​នៅ​ឥណ្ឌូណេស៊ី​ក្នុង​ខែកក្កដា​កន្លងទៅ​។

​កាលពី​ជំនាន់​លោក Leonardo Vitorino នៅ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា កីឡាករ គឹម​ហ៊ុយ ធ្លាប់​បាន​កោះហៅ​ចូល​ជម្រើសជាតិ​ក្រុម​ធំ​លើកដំបូង​ផងដែរ ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ AFC Asian Cup កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ទោះបីជា​មិនបាន​បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​នៅពេល​ប្រកួត​ក៏ដោយ​។ ថ្មីៗ​នេះ​រូបគេ​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៣​សប្ដាហ៍​។

សូម​បញ្ជាក់​ថា ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី មាន​អ្នកចាំទី​៣​រូប ក្នុង​បញ្ជី​រួចហើយ ដោយ​ក្នុងនោះ​មាន​គឹម មករា​, យោក អា​រី ទើប​ផ្ទេរ​ពី​ណាហ្គា​វើ​ល និង​អ្នកចាំទី​ដៃ​ទី​៣ អំ ចាន់​នូ​។ ចំណែក​កីឡាករ ស៊ូ យ៉ា​ទី បាន​ចាក​ចេញពី​ក្រុម​កាលពី​ជើង​ទី​២​កន្លង​ទៅដោយ​ប្តូរ​ទ្រនំ​ទៅកាន់​ក្លិប​ណាហ្គា​វើ​ល​វិញ​ម្តង​។ ដូច្នេះ​ដំណើរ​ទៅដល់​របស់ ហ៊ុល គឹម​ហ៊ុយ គឺជា​អ្នកចាំទី​ទី​៤ នៅក្នុង​ក្រុម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu