ភ្នំពេញ ៖ ខ្សែវីដេអូអប់រំខ្លីនៃសាច់រឿងមានចំណងជើងថា ស្នាមក្រែមដែលជាការសម្តែងរួមគ្នារវាងតារាសម្តែងជើងចាស់២រូបគឺលោក ជា សំណាង និងអ្នក ស្វែង សុជាតា ហើយត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងយូធូបកាលពីថ្មីៗនេះកំពុងក្លាយជាសាច់រឿងមួយដ៏ចាប់អារម្មណ៍និងទទួលបានការគាំទ្រច្រើនពីទស្សនិកជនស្ទើរគ្រប់មជ្ឈដ្ឋាន។
ជាការពិតមានទស្សនិកជនមិនតិចនាក់នោះទេ ក្រោយពេលដែលបានចូលទស្សនានូវខ្សែវីដេអូអប់រំខ្លីនៃរឿង ស្នាមក្រែម ដែលជាការសម្តែងរួមគ្នារវាងតារាជើងចាស់ទាំងពីរដួងនេះ ហើយច្បាស់ជាទឹកទឹកភ្នែកស្រក់ដោយពុំដឹងខ្លួននោះឡើយ។ ខណៈដែលក្នុងផ្ទៃសាច់រឿងទាំងមូលបានឆ្លុះបង្ហាញអំពីការប្រើអំពើហិង្សាព្រោះតែការគិតខ្លីមួយពេល រហូតស្ទើរតែបាត់បង់គ្រួសារ ដ៏ល្អមួយផងនោះ។
ផ្អែកតាមរយៈការបង្ហោះភ្ជាប់ជាមួយឈុតនៃសាច់រឿងអប់រំខ្លីនេះដែរក៏មានការលើកឡើងថា កុំព្រោះតែភាពសប្បាយភ្លើតភ្លើនតែមួយពេលធ្វើឲ្យជីវិតគ្រួសារដ៏ល្អមួយត្រូវបាត់បង់សុភមង្គលណា។កំហុសមួយចំនួនអាចកែបាន តែកំហុសខ្លះវាអាចហួសរហូតដល់កែមិនបាន ដូច្នេះកុំធ្វើបែបនេះអី...។សាច់រឿងខាងលើនេះក៏បានបង្កប់អត្ថន័យតាមរយៈការដាក់តឿន ដល់ឪពុកម្ដាយទាំងឡាយ កុំដោយសារតែការសប្បាយ ការភ្លើតភ្លើន និងគ្មានទំនួលខុសត្រូវ របស់ខ្លួនធ្វើឲ្យជីវិតរបស់ក្មេង ទទួលរងនូវភាពលំបាក វេទនា ការឈឺចាប់ រស់នៅ គ្មានភាពកក់ក្ដៅគ្មានក្ដីស្រឡាញ់ ពីសំណាក់ឪពុកម្ដាយ ផងដែរ។
សូមបញ្ជាក់ថាស្នាមក្រែម គឺជាសាច់រឿងអប់រំខ្លីបង្ហាញអំពីជីវិតរបស់គ្រួសារមួយ ដែលធ្លាប់តែមានសុភមង្គល និងពោរពេញទៅដោយក្ដីស្រឡាញ់។ប៉ុន្តែក្រោយមកក៏ត្រូវបានរលាយបាត់បង់ទៅវិញដោយសារតែភាពសប្បាយភ្លើតភ្លើន រហូតមានកំហុសឆ្គងធ្វើឲ្យបាត់បង់សុភមង្គល និងក្ដីសុខក្នុងគ្រួសារដែលធ្លាប់តែមានកន្លងមក។ ពិសេសគឺភាពទំនួលខុសត្រូវរបស់ឪពុក-ម្តាយមកលើកូនតែម្តង៕
Source: Kampuchea Thmey Daily
0 Comments