លោក Leonardo Vitorino ជនជាតិប្រេស៊ីល ដែលជាអតីតគ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជា បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកនឹងត្រឡប់មកកាន់ទ្វីបអាស៊ី វិញក្នុងពេលឆាប់ៗ ក្រោយលោកលាលែងការងារពីនាយកបច្ចេកទេសក្នុងក្លិបCeará Sporting Club នៅលីគកំពូលស្រុកកំណើតកាលពីពេលថ្មីៗ។
ខ្លឹមសារទាំងស្រុងនៅលើហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា «ខ្ញុំសូមជូនដំណឹងថាខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញ(ថ្ងៃអង្គារសប្ដាហ៍នេះ) ជាមួយក្លឹបរបស់ខ្ញុំនៅទីនេះនៅប្រទេសប្រេស៊ីល ព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាស៊ី វិញ។ មិនយូរប៉ុន្មានខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ»។
សូមបញ្ជាក់ថា អំឡុងពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងកិច្ចសន្យារយៈពេល១ ឆ្នាំ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Leonardo ទទួលបានការជួយទំនុកបម្រុងដូចជាប្រាក់ខែ, មធ្យោបាយធ្វើដំណើរ, កន្លែងស្នាក់នៅ, សំបុត្រយន្តហោះទៅលេងស្រុក១ឆ្នាំម្ដង។ លោកគ្រូបង្វឹកជនជាតិប្រេស៊ីល រូបនេះមានគ្រូជំនួយ២រូបទៀតគឺ គ្រូកម្លាំង និងគ្រូអ្នកចាំទី ដែលជាមិត្តរួមជាតិ ទទួលបានប្រាក់ខែសរុបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន១២០០០ ដុល្លារអាមេរិក។
គិតតាំងពីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងប្រកួតផ្លូវការចាប់ពីខែមីនា ដល់ចុងខែតុលា មក លោក Leonardo ស្គាល់ជ័យជម្នះ១លើក ក្នុងចំណោម៧ប្រកួត ក្នុងនោះក្នុងនោះបានចាញ់ឥណ្ឌា ៣ទល់២ ហើយបន្តចាញ់ហ្សកដានី ៧ទល់០ ចាញ់ឥណ្ឌូណេស៊ី ២ទល់០ តែឈ្នះអាហ្វហ្គានីស្ថាន ១ទល់០ ចាញ់វៀតណាម ២ទល់១ ចាញ់ឥណ្ឌូណេស៊ី លើទី២ លទ្ធផល ៣ទល់១ និងចុងក្រោយចាញ់វៀតណាម ៥ទល់០។
ចំពោះលោក Leonardo Vitorino ធ្លាប់មានបទពិសោធន៍ការងារជាមួយក្រុម Selection of Australia U-15 នៅឆ្នាំ១៩៩៤ ហើយនៅឆ្នាំជាមួយនោះដែរលោកបានដឹកនាំក្រុមជម្រើសជាតិ U-17 របស់សហរដ្ឋអាមេរិ រហូតដល់ឆ្នាំ១៩៩៧ ខណៈនៅឆ្នាំ១៩៩៨ លោកបានដឹកនាំក្រុម Botafogo FR នៅប្រទេសអ៊ីតាលី ហើយនៅឆ្នាំ ២០០១ លោកបានដឹកនាំក្រុម Trinidad and Tobago Selection។ ចន្លោះឆ្នាំ២០០២ ដល់២០០៥ លោកបានដឹកនាំក្រុម Santos Angola F.C នៅប្រទេសអង់កូឡា ក្នុងទ្វីបអាហ្វ្រិក ហើយឆ្នាំ២០០៥ដល់២០០៦ បានត្រឡប់ទៅដឹកនាំក្រុមLa Sierra នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០០៦ ដែលដឹកនាំក្រុមEstrela do Norte F.C នៅស្រុកកំណើត មុនចេញទៅក្រុមMacaé EC និងក្រុមAmerica FC-RJ នៅឆ្នាំបន្ទាប់។
នៅឆ្នាំ២០០៧ ដល់២០១៣ លោកបានដឹកនាំក្លិបda Al Gharafa នៅប្រទេសកាតារ ហើយចាប់ពីឆ្នាំ២០១៣ ដល់២០១៤ ដឹកនាំក្រុមEl Jaish ក្នុងប្រទេសកាតាដែរ។ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ បានចូលទៅធ្វើការជានាយកបច្ចេកទេសផងនិងជាគ្រូដឹកនាំក្រុម B ផងនៅក្លិប Buriram United របស់ថៃ និងចុងក្រោយនៅឆ្នាំ២០១៦ បានដឹកនាំក្រុម Lanexang United របស់ឡាវ មុនមកដល់ប្រទេសកម្ពុជា ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ ក្រោយចាកចេញពីប្រទេសកម្ពុជា លោកទទួលបានការងារថ្មីនៅស្រុកកំណើតដោយធ្វើជានាយកបច្ចេកទេសនៅក្លិបCeará Sporting Club សមាជិកពានរង្វាន់លីគកំពូលប្រេស៊ីល ក្នុងឆ្នាំ២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments