រតនគិរី ៖ ក្មេងប្រុសម្នាក់ បានធ្លាយខួរស្លាប់ភ្លាមយ៉ាងរន្ធត់បំផុត ខណៈឪពុក បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ បុកជាមួយម៉ូតូ កាលពីវេលាម៉ោង១១នឹង៤៥នាទីព្រឹកថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ផ្លូវកែងក្បាលព្រលានយន្ដហោះខេត្តរតនគិរី ទល់មុខស្ថានីយប្រេងយើង ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ភាគីខាងម៉ូតូហុងដា ស្កុបពី ពណ៌សរ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហាន់ ជា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង (របួសធ្ងន់) ឌុបកូនប្រុសឈ្មោះ ជា តុលា អាយុ១០ឆ្នាំ ធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកភាគីខាងរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (កូរ៉េ)ចំណុះ២តោនកន្លះ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-0453 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តរត់ទៅទុកចោលមុខឃ្លាំងអង្គរ ក្រោយសាលាសម្ដេចក្រុមព្រះ រួចរត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នរថយន្ត និងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តភ្នំស្វាយ៕
Source: Kampuchea Thmey Daily
0 Comments