Ad Code

បើក​វគ្គ​ផ្សព្វផ្សាយ​អប់រំ​ស្តី​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ និង ​ចរាចរណ៍​ផ្លូវគោក



​ប៉ៃលិន ៖ ក្រោម​កិច្ចសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត​ប៉ៃលិន​បាន​បើក វគ្គ​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី​២៥ ខែ តុលា ឆ្នាំ​២០១៨ ។

វត្តមាន​អញ្ជើញ​ចូលរួម​វគ្គ​ផ្សព្វផ្សាយ​អប់រំ​នា​ឱកាស​នោះ​រួមមាន លោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ធូ ភា អភិបាលរង​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារ​នីតិសម្បទា និង​តំណាង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​វិស័យ​អប់រំ សរុប​ចំនួន​២៥០​នាក់។



ក្នុងនាម​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន លោក ធូ ភា បាន​មានប្រសាសន៍ថា ខេត្ត​ប៉ៃលិន​មិនមែន​ជា​ខេត្ត​ផលិត រក្សាទុក ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទេ ប៉ុន្តែ​មានការ​លាក់​លួច​ប្រើប្រាស់​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខិតខំ​តស៊ូ​ផ្សព្វផ្សាយ​អប់រំ បង្ក្រាប និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន និង​បាន​ផ្តាំ​ដល់​អ្នកចូលរួម​ទាំងអស់​ត្រូវ​យក​ពេល​ទៅ​សិក្សា​បង្កើន​ចំណេះដឹង​ប្រសើរ​យក​ពេល​ទៅ​ប្រព្រឹត្ត​អំពើ​អំបាយ​មុខ​ផ្សេងៗ​ពិសេស​គ្រឿងញៀន​នាំទុក្ខ​ទោស​ដល់​ខ្លួន គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​។

​លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារ​នីតិសម្បទា​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ខិតខំ​តស៊ូ​ធ្វើការ​បង្ការ​ទប់​ស្កាត់​ការពារ​ប្រជាពលរដ្ឋ​យើង​បញ្ហា​គ្រឿងញៀន​តាមរយៈ​ការ​អប់រំ​ផ្សព្វផ្សាយ​បង្កើន​ការ​យល់ដឹង​ពី​ផល​ពិបាក​នៃ​គ្រឿងញៀន បង្ក្រាប​ជនល្មើស​ជួញដូរ ចែកចាយ​គ្រឿងញៀន​ក្នុងស្រុក និង​សហការ​ជាមួយ​ប្រទេសជិតខាង​បង្ក្រាប​ទប់ស្កាត់​ការ​ហូរ​ចូល​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។​

ក្នុង​ឱកាស​នោះ លោកស្រី បណ្ឌិត សឿ សុជាតា បាន​មានប្រសាសន៍ថា គ្រឿងញៀន​បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម គំរាមកំហែង​ដល់​សុវត្ថិភាព​សន្តិសុខ​សង្គម និង​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ជា​ដើមចម​នាំ​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​។​ ស្រី​បណ្ឌិត​ថា ដើម្បី​ឲ្យ​សហគមន៍​យើង​មាន​សុវត្ថិភាព​ពី​បញ្ហា​គ្រឿងញៀន​ចាប់ផ្តើម​ពី​យើង​ម្នាក់ៗ ​ដែល​មាន​កាតព្វកិច្ច​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា​ដោយ​មិន​ត្រូវ​ទុក​ឲ្យ​បញ្ហា​គ្រឿងញៀន​ត្រួតត្រា​ជីវិត និង​សហគមន៍​យើង ហើយ​ក្មួយៗ​ជា​សិស្ស​ត្រូវ​ប្រតិបត្តិ​ខ្លួន​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជា​ទំពាំង​ស្នង​ឫស្សី​ដែល​ត្រូវ​បន្តវេន​របស់​ប្រទេសជាតិ​ត្រូវតែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu