ភ្នំពេញ ៖ នៅថ្ងៃ ៩ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា , សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ក្រុមគ្រួសារបានអញ្ជើញទៅចូល រួមក្នុងពិធីបុណ្យកាន់បិណ្ឌ ទី ៩ នៅវត្តមុនីសុវណ្ណ «ហៅវត្តចំពុះក្អែក» ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីកាន់បិណ្ឌនៅវត្តចំពុះក្អែកនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនព្រមទាំងក្រុមគ្រួសារបាននាំយកនូវគ្រឿងសក្ការៈបូជាមានទៀនធូប ផ្កាភ្ញី ថ្វាយចំពោះព្រះរតនត្រ័យនិងនាំយកចង្ហាន់ទេយ្យ ទាន គ្រឿងឧបភោគ បរិភោគជាច្រើនមុខ និងបច្ច័យប្រគេនព្រះសង្ឃ រាប់បាត្រ បង្សុកូល ឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនចំពោះ បុព្វការីជនមានមាតាបិតា ជីដូន ជីតា ញាតកាទាំង៧សន្តាន ជាពិសេសដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាលោកឪពុកនិងជាអ្នកម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន និង ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី ជាឪពុកបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងវិញ្ញាណក្ខន្ធរបស់កុមារ៉ា ហ៊ុន កំសត់ ដែលជាបុត្រច្បងរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាពុទ្ធសាសនូបត្ថម្ភដ៏សំខាន់ដែលបានដឹកនាំកសាងសមិទ្ធផលនានានៅក្នុងសង្គមហើយនៅទីអារាមវត្តចំពុះក្អែកនេះត្រូវបានកសាងឡើងវិញ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈបំផុត។ ជាក់ស្តែងសមិទ្ធផលដែលកសាងនៅក្នុងទីអារាមនោះមានដូចជា ព្រះវិហារ ដងទង់ របង ខ្លោងទា្វរ ឧបដ្ឋានសាលា កុដិ សាលារៀននិងសមិទ្ធផលនានាជាច្រើនទៀតដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលនិងក្នុងនាមជាពុទ្ធបរិស័ទខ្មែរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភកសាងសមិទ្ធផល នៅតាមវត្តអារាមនានានៅទូទាំងប្រទេសដោយមិនមែនកសាងតែនៅវត្តចំពុះក្អែកនោះទេហើយការកសាងសមិទ្ធផលនូវគ្រប់ទីកន្លែងនេះ គឺសម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានបំណងលើកស្ទួយវិស័យពុទ្ធចក្រនិងអាណាចក្រឲ្យបានរីកច្រើនដើម្បីឲ្យសង្គមជាតិទាំងមូលមានការអភិវឌ្ឍពីព្រោះថា វត្តអារាមជាទីបណ្តុះបណ្តាលធនធានមនុស្សជាថ្នាលបណ្តុះប្រាជ្ញាស្មារតីនិងរក្សាកេរដំណែលវប្បធម៌ អក្សរសាស្ត្រជាតិនិងជាទីបង្កើតឡើង នូវវប្បធម៌សន្តិភាពផងដែរ។
វត្ដមុនីសុវណ្ណកាលដើមឡើយគឺជាទីទួលមួយដែលសម្បូរទៅដោយដើមឈើធំៗជាច្រើនដែលជាទ្រនំនៃហ្វូងសត្វបក្សាបក្សីមានស្មោញ ក្រសា ជាពិសេសគឺសត្វក្អែក លុះក្រោយមកមានសត្វក្អែកងាប់រលួយខ្លួនអស់នៅសល់តែគ្រោងឆ្អឹងនិងចំពុះមានក្មេងគង្វាលគោឃើញ ចំពុះសត្វក្អែកជាច្រើននៅក្រោមដើមឈើទាំងនោះ ក្រោយមកក៏នាំគ្នាហៅកន្លែងនោះថាភូមិចំពុះក្អែកទើបបានជាគេហៅវត្ដនេះថាវត្ដ ចំពុះក្អែកជាប់រហូតដល់បច្ចុប្បន្ននេះ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនព្រមទាំងក្រុមគ្រួសារសាច់ញាតិបានប្រគេនទេយ្យទាននិងគ្រឿងឧបភោគបរិភោគចំនួន២១មុខមាន ទឹកក្រូច,ទឹកសណ្តែក,ទឹកត្រឡាច,ទឹកគូលែន , ទឹកបរិសុទ្ធ evian,ទឹកដោះគោខាប់,ស្ករស,កាកាវ,មៀនកំប៉ុង តែ,ត្រីខ,សាច់ក្រក,ត្រីងៀត,មី,អង្ករ,នំគ្រប់មុខនិងបានប្រគេនបច្ច័យដល់ព្រះចៅអធិការ គ្រូសូត្រស្តាំ និងគ្រូសូត្រឆ្វេង,ព្រមទាំងព្រះសង្ឃនិមន្តចូលរួមពិធីបុណ្យ។
ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានប្រជាជនកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលរៀងមក គឺចាប់ ពីថ្ងៃ ១ រោច ខែភទ្របទរហូតដល់ថ្ងៃ ១៥ រោចជាថ្ងៃបញ្ចប់ ។ ថ្ងៃដាក់បិណ្ឌឬហៅថាថ្ងៃកាន់បិណ្ឌមាន ១៤ ថ្ងៃគឺ ចាប់ពី ១ រោចរហូតដល់ថ្ងៃ ១៤ រោចខែភទ្របទរីឯ ថ្ងៃភ្ជុំបិណ្ឌមាន ១ ថ្ងៃ គឺនៅថ្ងៃ ១៥ រោចខែភទ្របទ ដែល ហៅថា ជាថ្ងៃប្រជុំបិណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments