សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយយ៉ុនដារ័ត្ន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ នារសៀលថ្ងៃសៅរិ៍ទី០៦តុលា២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ។ ដូច្នេះ ជំនួបលើកនេះ គឺជាការជួបគ្នាលើកដំបូង ។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។
យ៉ុន ដារ័ត្ន ជាអ្នកប្រដាល់មិនមានឈ្មោះបោះសម្លេងនោះទេ តែគេជាអ្នកប្រដាល់ចាស់វស្សាដែរ ។ជាទម្លាប់របស់យ៉ុន ដារ័ត្ន គេឡើងប្រកួតច្រើនវ៉ៃមិនយោគយល់អ្វីនោះទេ ។គេឡើងប្រកួតចុងក្រោយនេះ (២២កញ្ញា២០១៨)កន្លងទៅនេះ បានផ្តួលអ្នកប្រដាល់ជើងចាស់ហួន សុខនីម ក្លិបមហិទ្ធរិទ្ធតាដំបងដែកក្នុងទឹកទី៣ ។
ចំពោះសុខ សុវណ្ណ វិញ ក៏ជាអ្នកប្រដាល់ជើងចាស់ ដោយត្រូវបានអ្នកស្នេហាកីឡាប្រដាល់ចាប់អារម្មណ៍ ដោយសារតែការប្រកួតរបស់គេល្អ ហើយលទ្ធផលឈ្នះច្រើនជាងចាញ់ ។
ទោះជាគេមានវ័យច្រើនជាង ដារ័ត្ន បន្តិចក្តី សម្រាប់ស្នៀតប្រដាល់របស់សុខ សុវណ្ណ មិនជាចាញ់ដារ័ត្ននោះទេ ។ សំរាប់ការជួបគ្នានេះ បើសិនជាសុខ សុវណ្ណ ពុំមានបញ្ហាអ្វីកើតឡើងទេនោះ ដារ័ត្ន គឺពិបាកហើយ ព្រោះសុខសុវណ្ណ មានទិចនិចល្អជាង ។ សុខសុវណ្ណ យ៉ាប់តែបញ្ហាកម្លាំកាយសម្បទាមួយមុខប៉ុណ្ណោះ ឯស្នៀតប្រដាល់របស់គេមានផ្លែល្អ ។ តែយ៉ាងណា ដារ័ត្នក៏មានផ្លែល្អដែរ ។ ដូច្នេះ ក្នុងការជួបប្រកួតគ្នាលើកនេះ គឺមិនអាចទាយមុនថា សុខ សុវណ្ណ ឈ្នះ ឬយ៉ុន ដារ័ត្ន ឈ្នះនោះឡើយ ? ។
គិន សំបូរ អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងជួបប្រកួតជាមួយឈួន រិទ្ធី អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
ក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកបាននិយាយថា ឈួន រិទ្ធី ថ្វីត្បិតតែជាអ្នកប្រដាល់ជើងខ្លាំងនិងចាស់វស្សា តែមិនប្រាកដថាឈ្នះគិន សំបូរ នោះទេ ព្រោះគិន សំបូរ គេមានកណ្តាប់ដៃខ្លាំង ជើង ជង្គង់ កែង ក៏ពិសេសដែរ ។ មួយទៀត គិន សំបូរ គេមានកាយសម្បទារឹងមាំ ដៃជើងវែង រហ័ស និងមានចិត្តប្រដាល់ធំថែមទៀត ។ ទោះជាយ៉ាងណាក្តី ការជួបគ្នារវាងគិន សំបូរ និងឈួន រិទ្ធី នេះ ពុំមានអ្នកណាហ៊ានទស្សន៍ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះដែរ? ។
ប៉ុន្តែទោះជាយ៉ាងណា គេក៏មិនទុកចិត្តចំពោះឈួន រិទ្ធី ដែរ ព្រោះរិទ្ធីប្រកួតមិនសូវទៀងទាត់ប៉ុន្មានទេ ។ មួយរយៈពេលចុងក្រោយនេះ គេមានហាក់ដូចជាវ៉ៃមិនសូវល្អនិងលទ្ធផលចាញ់ច្រើនជាងឈ្នះ ។រិទ្ធី ប្រកួតលើកចុងក្រោយនេះ វាយចាញ់ជើងថ្មី ខាំ ផានី
អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធ ក្នុងទឹកទី២ កាលពីថ្ងៃទី០៩កញ្ញា២០១៨នៅលើសង្វៀនSEA TV ។ ឯការប្រកួតចុងក្រោយរបស់សំបូរវិញ គេបានផ្តួលយ៉ាម ខេមរា អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា ក្នុងទឹកទី២ដែរ ។
មួក សុវ៉ាតឌី អ្នកប្រដាល់ក្លិបកុលបុត្រគុនខ្មែរ នឹងជួបប្រកួតជាមួយ ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ។ ពួកគេជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។ ពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក ។
អ្នកប្រដាល់ទាំងពីររូបនេះ ជាអ្នកប្រដាល់ចាស់វស្សាដូចគ្នា ។ ប៉ុន្តែមួក សុវ៉ាតឌី គេខ្លាំងនិងល្អ ហើយការប្រកួតរបស់គេក៏ល្អដែរ ដោយឡើងប្រកួតចុងក្រោយនេះ ទោះបីជាវាយចាញ់ធា នុរាជ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ដោយពិន្ទុក្តី ក៏គេចាញ់ដោយល្អមើលនិងចាប់ចិត្តដែរ ។
សម្រាប់ការជួបគ្នារវាងមួក សុវ៉ាតឌី និង ហេង វាសនា នេះ បើតាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះ គឺគេមានជំនឿទុកចិត្តលើមួក សុវ៉ាតឌី ឈ្នះច្រើនជាង ។
ឯម ដារ៉ូ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ នឹងជួបប្រកួតជាមួយ ម៉ិល សារុន អ្នកប្រដាល់ជើងថ្មីក្លិបអាណាចក្រគុនខ្មែរ ដោយប្រកួតក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ ចំណែក អ្នកប្រដាល់ចែម ចឺម ក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវជួបជាមួយ គឹម សុខហេងអ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទម្ងន់៥៤គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments